Skip to content

ក្រោយ​ដណ្ដើម​មិនបាន​ពាន​ជើងឯក World Cup 2022 Mbappe ថា «ពួកយើង​នឹង​ត្រលប់​មកវិញ»

កីឡាករ​ខ្សែប្រយុទ្ធ Kylian Mbappe បាន​បញ្ចេញមតិ​ជា​លើកដំបូង បន្ទាប់ពី​ការបរាជ័យ​របស់ បារាំង នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ដោយ​ការ​បង្ហោះ​សារ​មួយ​ឃ្លា​យ៉ាងខ្លី​នៅលើ​បណ្ដាញ​សង្គម។

រយៈពេល 16 ម៉ោង ក្រោយពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 បានបញ្ចប់​នៅលើ​ទីលាន Lusail ក្នុង រាជធានី​ដូ​ហា ប្រទេស​កាតា ទើប Mbappe បញ្ចេញមតិ​ជា​លើកដំបូង​ទាក់ទង​នឹង​បរាជ័យ​របស់ ក្រុម​ជម្រើសជាតិ​បារាំង។ «ពួកយើង​នឹង​ត្រលប់​មកវិញ» កីឡាករ​បារាំង Mbappe បង្ហោះ​សារ​លើ Twitter និង Instagram ដូច្នេះ។ សារ​នេះ​ទាក់ទាញ​បានការ​ចូលចិត្ត​ជាង 10 លានលើក ក្រោយ​បង្ហោះ​បាន​ប្រហែល 3 ម៉ោង។

គណនី​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញមតិ​ខាងក្រោម​សារ​របស់ Mbappe ក្នុងនោះ FIFA បានសរសេរថា «រង់ចាំ​ការចូលរួម​ប្រកួត​របស់​អ្នក​ម្ដងទៀត​»។ «ស្ដេច​បាល់ទាត់» Pele ក៏បាន​បញ្ចេញមតិ​ដោយ​សរសេរថា «អរគុណ» អម​នឹង​រូប​សំពះ និង​រូប​បេះដូង ខណៈដែល​គ្រូបង្វឹក Jose Mourinho ប្រើប្រាស់​តែ​រូប​ទះដៃ​ជាការ​បញ្ចេញយោបល់។ ចំណែក​គណនី​របស់ក្លឹប PSG វិញ បាន​ប្រតិកម្ម​ថា «អរគុណ Kylian។ យើង​មាន​មោទកភាព​ខ្លាំងណាស់​ចំពោះ​អ្នក»។

Hat-trick (រកបាន 3 គ្រាប់​ក្នុង 1 ប្រកួត) បំ​ប៉ើង​សំណាញ់​អា​ហ្ស​ង់​ទីន កាលពី​យប់​ថ្ងៃទី 18 ធ្នូ បាន​ជួយ​ឱ្យ Mbappe ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​​ប្រវត្តិសាស្ត្រ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ World Cup ដោយ​រកបាន 4 គ្រាប់។ Hat-trick របស់ Mbappe ក៏បាន​ជួយ​ឱ្យ​បារាំង ចូលដល់​ការ​​ប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ ក្នុងការ​ប្រកួត​ស៊ុត​ប៉េ​ណាំង​ទី Mbappe ស៊ុត​ដំបូង​គេ និង​ទទួលបាន​ជោគជ័យ ប៉ុន្តែ Kingsley Coman និង Aurelien Tchouameni ធ្វើ​មិនបាន​សម្រេច នាំឱ្យ បារាំង ត្រូវ​ចាញ់ 2-4 នៅក្នុង​ការប្រកួត​នេះ។

ដោយសារតែ បារាំង មិនអាច​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក ដូច្នេះ Mbappe ក៏​របូត​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ» និង «ពាន​បាល់​មាស World Cup» ទៅលើ​ដៃ Lionel Messi។ ក៏ប៉ុន្តែ Mbappe ក៏នៅ​តែ​​ដណ្ដើមបាន «ពាន​ស្បែកជើង​មាស» ដោយសារ​រកបាន 8 គ្រាប់​នៅ World Cup 2022៕

Leave a Reply

Your email address will not be published. Required fields are marked *