ខ្សែប្រយុទ្ធដ៏មុតស្រួចទាំង 3របស់ក្រុម Paris St Germain សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា នៅពេលដែលក្រុមជើងខ្លាំងរបស់បារាំងមួយនេះបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 4-0 លើក្រុមម្ចាស់ផ្ទះ Anderlecht ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពូល B របស់ពួកគេកាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធ Kylian Mbappe, Edinson Cavani និង Neymar ដែលសុទ្ធសឹងជាតារាឆ្នើមមានតម្លៃខ្លួនខ្ពស់កប់ពពកនោះសុទ្ធតែរកគ្រាប់បាល់បញ្ចូលទីបានទាំងអស់ ស្របពេលដែល Angel Di Maria បានបន្ថែមគ្រាប់បាល់ទី4នៅពេលជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុមរបស់ពួកគេរក្សាកំណត់ត្រាឈ្នះ100ភាគរយក្នុងការប្រកួតវគ្គចែកពូលនេះ ពោលគឺឈ្នះ3លើកពីការប្រកួតទាំង3លើក។
បច្ចុប្បន្ន ពួកគេកំពុងតែមាន9ពិន្ទុ ដោយនាំមុខ3ពិន្ទុពីលើក្រុមឈរលេខ2 Bayern Munich ដែលទើបតែបានផ្តួលក្រុម Celtic ក្នុងលទ្ធផល 3-0 លើទឹកដីខ្លួនឯងនៅរាត្រីដដែលនោះដែរ។ Mbappe វ័យ18ឆ្នាំបានប្រាប់ទូរទស្សន៍ Frenhc TV ថា៖ «យើងចង់បង្កើតឲ្យមានការចាប់អារម្មណ៍ក្នុងយុទ្ធនាការនេះ។ យើងមកទីនេះដើម្បីព្យាយាម និងយកឈ្នះការប្រកួតដ៏ធំមួយ ហើយយើងពិតជារីករាយក្នុងការវិលទៅកាន់ទីក្រុងប៉ារីសវិញ ដោយមាន៣3ពិន្ទុ»។ ស្របពេលជាមួយគ្នានេះដែរ ក្រុម Barcelona ក៏បានកត់ត្រាជ័យជម្នះ3លើកពីការប្រកួតបើកឆាកទាំង3លើករបស់ពួកគេផងដែរ ខណៈដែលពួកគេបានយកឈ្នះក្នុងលទ្ធផល 3-1 លើក្រុម Olympiakos Piraeus បើទោះបីលេងជាមួយនឹងសមាជិកត្រឹមតែ10នាក់ជិត50នាទីក៏ដោយ។
លទ្ធផលនេះ បានធ្វើឲ្យក្រុម Barcelona ឈរយ៉ាងមានលំនឹងនៅលើកំពូលតារាងនៃពូល D ដោយមាន9ពិន្ទុ ពោលគឺនាំមុខ3ពិន្ទុលើក្រុមឈរលេខ2 Juventus ដែលបានយកឈ្នះលើក្រុម Sporting Lisbon ទាំងប្រផិតប្រផើយក្នុងលទ្ធផល 2-1៕
ប្រភពពី៖ The Straits Times