(កាតា)- គ្រូបង្វឹក Lionel Scaloni អនុញ្ញាតឱ្យកីឡាករសម្រេចចិត្តដោយខ្លួនឯងចំពោះរឿងដែលថា ត្រលប់ទៅ អាហ្សង់ទីន ដើម្បីអបអរជ័យជម្នះដែលដណ្ដើមបានតំណែងជើងឯក World Cup 2022 ឬអត់។
កាលពីរសៀលថ្ងៃទី 19 ធ្នូ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានចេញដំណើរពី រាជធានីដូហា ដើម្បីត្រលប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិ Ministro Pistarini នៅ រដ្ឋធានីប៊ុយណូស៊ែ។ ដំណើរហោះហើរនេះ តាមធម្មតាត្រូវចំណាយពេលប្រហែល 21 ម៉ោង ដោយសារតែត្រូវចុះចតចាក់សាំងនៅ អ៊ីតាលី។
ប្រភពព័ត៌មានមិនផ្លូវការមួយចំនួនបានឱ្យដឹងថា កូនសិស្ស និងគ្រូបង្វឹក Scaloni មានវត្តមាននៅឯព្រលានយន្តហោះអន្តរជាតិ Ezeiza នៅ ប៊ុយណូអ៊ែ នៅព្រលប់ ថ្ងៃទី 19 ធ្នូ ត្រូវនឹងព្រឹកថ្ងៃទី 20 ធ្នូនៅ កម្ពុជា។
គ្រូបង្វឹក Scaloni និយាយថា គាត់ទុកឱ្យកីឡាករម្នាក់ៗជ្រើសរើសថា តើត្រលប់ទៅប្រទេសដើម្បីអបអរជ័យជម្នះ ឬអត់។ យោងតាមគោលការណ៍របស់ក្លឹប កីឡាករមានសិទ្ធិសម្រាកលំហែកាយមួយ ឬពីរសប្ដាហ៍ ក្រោយពីបានចូលរួមប្រកួតនៅ World Cup មុនពេលត្រលប់ទៅកាន់ក្លឹបវិញ។
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានជប់លៀងអបអរកាលពីព្រលប់ ក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup 2022 កាលពីថ្ងៃទី 18 ធ្នូ ដែលពួកគេបានយកឈ្នះលើ បារាំង ក្នុងការប្រកួតទាត់បាល់ប៉េណាំងទី។
ជនជាតិអាហ្សង់ទីន រាប់លាននាក់ ក៏បាននាំគ្នាចេញដើរតាមដងផ្លូវដើម្បីអបអរសាទរតំណែងជើងឯក World Cup ទីបីក្នុងប្រវត្តិសាស្ត្ររបស់ អាហ្សង់ទីន។ មនុស្សជាងមួយលាននាក់ ប្រមូលផ្ដុំគ្នានៅទីលាន Republica នៅ រដ្ឋធានីប៊ុយអ៊ែ តាំងពីព្រឹកដល់យប់។ ពួកគេរង់ចាំ Lionel Messi និងក្រុមជម្រើសជាតិត្រលប់មកប្រទេសដើម្បីអបអរសាទរជ័យជម្នះ៕