មានពាក្យមួយឃ្លាបានលើកឡើងថា បើអ្នកមិនចង់ភ្លក្សរសជាតិបរាជ័យ អ្នកនឹងគ្មានថ្ងៃស្គាល់រសជាតិនៃភាពជោគជ័យឡើយ។ មិនខុសពីពាក្យមួយឃ្លាខាងលើ លោក ហែម ហេម៉ា មុននឹងក្លាយជាម្ចាស់អាជីវកម្មបោកអ៊ុតទំនើប យក្សាបោកអ៊ុត និងយក្សាកាហ្វេ លោកក៏ធ្លាប់ជួបភាពបរាជ័យរាប់មិនអស់ផងដែរ។
ទោះបីជាយ៉ាងណាអាជីវកម្មធំៗរបស់លោកត្រូវបានគេមើលឃើញថា សុទ្ធតែជាការសាងម៉ាកសញ្ញាដោយខ្លួនឯងទាំងអស់។ ដើម្បីដឹងច្បាស់ពីគន្លឹះសំខាន់ៗក្នុងការបង្កើតអាជីវកម្មទាំងអស់នេះ កាលពីពេលថ្មីៗនេះ អ្នកយកសារព័ត៌មាន ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសន៍ជាមួយលោក ហែម ហេម៉ា ដើម្បីឱ្យលោកចែករំលែកនូវបទពិសោធល្អៗដល់អ្នកដែលមានបំណង់ចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន៖
តើលោកចាប់ផ្ដើមបង្កើតអាជីវកម្មតាំងពីពេលណាមក?
ខ្ញុំចាប់ផ្តើមចេះធ្វើសកម្មភាពទិញលក់តាំងពីនៅវ័យក្មេងមកម្ល៉េះ ដោយពេលនោះខ្ញុំគឺជាក្មេងលក់គ្រាប់ខ្នុរស្ងោរក្នុងសាលារៀន ដើម្បីយកថវិកាខ្លះទៅជួយដោះស្រាយជីវភាពគ្រួសារ។ ពេលធំពេញវ័យ ខ្ញុំបានឆ្លងកាត់ជីវិតនៃការធ្វើអាជីវកម្មជាច្រើនលើក ហើយក៏ត្រូវជួបភាពបរាជ័យមិនតិចដែរ តែទោះបីជាយ៉ាងណាខ្ញុំនៅតែប្រឹងធ្វើវាម្តងហើយម្តងទៀត ដោយមានពេលខ្លះខ្ញុំបានចូលហ៊ុនជាមួយគេ ឬខ្ចីលុយគេធ្វើជាដើមទុនតែម្តង។ ដោយសារការតាំងចិត្ដមានភាពមុតស្រួច បានធ្វើឱ្យខ្ញុំប្រឹងដើរទៅមុខដោយមិនរារែកឡើយ។
រហូតមកដល់ពេលនេះ តើអាជីវកម្មរបស់លោកមានប៉ុន្មាន? អាជីវកម្មដំបូងជាអ្វី? តើទទួលបានលទ្ធផលបែបណា?
អាជីវកម្មដំបូងរបស់ខ្ញុំ គឺបើកអ៊ីធឺណែតកាហ្វេ។ ខ្ញុំបានចាប់ផ្តើមក្នុងឆ្នាំ2000 ប៉ុន្តែបានត្រឹមតែ1ឆ្នាំប៉ុណ្ណោះក៏ត្រូវបរាជ័យទៅវិញ។ នៅឆ្នាំ2001 ខ្ញុំបានចាប់ផ្តើមរកស៊ីលក់កុំព្យូទ័រដើម្បីយកលុយទៅចូលហ៊ុនគ្នាបើកសាលាបង្រៀនភាសាជប៉ុន បានរយៈពេល 2ឆ្នាំក៏ត្រូវម្ចាស់ផ្ទះយកទីតាំងវិញ។ ក្រោយមកខ្ញុំបានសម្រេចចិត្ដទៅធ្វើការឱ្យគេវិញ ដោយក្នុងអំឡុងពេលនោះខ្ញុំបានបើករោងពុម្ពតូចមួយដំណើរការបានរយៈពេល4ឆ្នាំ ក្រោយមកខ្ញុំក៏បានលក់ចេញទៅវិញ ព្រោះខ្ញុំត្រូវទៅរៀបការ និងរស់នៅខេត្តសៀមរាប។ នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2006 ខ្ញុំក៏សម្រេចចិត្តបើកហាងបោកអ៊ុតក្រោមការគ្រប់គ្រង និងចូលហ៊ុនគ្នាជាមួយប្អូនស្រី។
នៅឆ្នាំ2007 ខ្ញុំបានរៀបការ និងចាប់ផ្តើមមុខរបរលក់ និងជួសជុលទូរស័ព្ទ ព្រមទាំងបញ្ចូលបទភ្លេងនៅក្នុងខេត្តសៀមរាប តែមុខរបរនេះត្រូវបរាជ័យដោយសារតែដើមទុនតិច ខណៈការចំណាយច្រើន ម្យ៉ាងទៀតបទពិសោធរកស៊ីលើជំនាញនេះនៅថ្មីថ្មោងពេក។
បន្ទាប់ពីនោះមកខ្ញុំក៏បានចាប់ផ្តើមចេញរកស៊ីលើវិស័យដីធ្លី និងបញ្ចាំ ដោយប្រើដើមទុនរបស់អ្នកដទៃ និងកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅឆ្នាំ 2008 ដោយសារមហាវិបត្តិសេដ្ឋកិច្ចពិភពលោក ខ្ញុំត្រូវធ្លាក់ខ្លួនជំពាក់ប្រាក់គេក្នុងរង្វង់20ម៉ឺនដុល្លារ ហើយសូម្បីតែកន្លែងរស់នៅស្ទើរតែគ្មានផង។ នៅពេលនោះបងប្រុសទី6 របស់ខ្ញុំបានប្រគល់ម៉ាស៊ីនបោកគក់ជជុះ1គ្រឿងឱ្យខ្ញុំ ដែលខ្ញុំត្រូវចំណាយប្រាក់ជួសជុលបន្ថែមទើបអាចប្រើបាន។ នៅឆ្នាំ 2010 ខ្ញុំក៏បានចាប់ផ្តើមមុខរបរបោកអ៊ុតជាថ្មីឡើងវិញ។ ពេលដំបូងខ្ញុំមិននឹកស្មានថា មុខរបរនេះវាអាចបន្ដបានរហូតដល់សព្វថ្ងៃទេ។ ដោយសារមុខរបរ ខ្ញុំអាចសងបំណុលគេរួចអស់ត្រឹមតែរយៈពេលតែ2ឆ្នាំប៉ុណ្ណោះ។
តើលោកធ្លាប់បានទិញពាណិជ្ជនាមមកពីបរទេសដែរ ឬទេ?
ខ្ញុំមិនធ្លាប់ទិញពាណិជ្ជនាមពីបរទេសទេ ប៉ុន្ដែធ្លាប់មានការសហការជាមួយបរទេស ព្រោះជាគោលការណ៍ខ្ញុំ គឺមិនចង់ទិញផលិតផលបរទេសទេ តែខ្ញុំចូលចិត្តសិក្សាពីគុណសម្បត្ដិនៃផលិតផលបរទេស។ មូលហេតុខ្ញុំមិនចង់ទិញពាណិជ្ជនាមពីបរទេស ព្រោះខ្ញុំជឿថាប្រជាជនខ្មែរពូកែ ខ្មែរជាពូជអ្នកកសាងអង្គរវត្ដ ដូច្នេះគ្រាន់តែអាជីវកម្មមួយយើងក៏អាចធ្វើបានដែរ។ បន្ទាប់ពីទៅធ្វើទស្សនកិច្ចជាង 15ប្រទេសនៅលើពិភពលោករួចមក ខ្ញុំយល់ថាយើងអាចធ្វើបានទាំងអស់ ប្រសិនបើយើងប្រមូលផ្ដុំគំនិត និងកម្លាំងរបស់ប្រជាជនខ្មែរមកធ្វើ យើងនឹងអាចធ្វើការងារបានល្អជាងប្រទេសដទៃថែមទៀតផង។ ក្រៅពីនេះជាមហិច្ឆតារបស់ខ្ញុំ គឺចង់បង្កើតពាណិជ្ជនាម ដោយខ្លួនឯងឱ្យល្បី ហើយយើងនឹងលក់ឱ្យប្រទេសគេវិញ។
តើមានភាពខុសគ្នាដូចម្ដេចរវាងការបង្កើតពាណិជ្ជនាមថ្មីដោយខ្លួនឯង និងការទិញពាណិជ្ជនាមរបស់គេ?
ត្រង់ចំណុចនេះខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំចង់ឱ្យខ្មែរយើងបង្កើតនូវម៉ាកសញ្ញាដោយខ្លួនឯង ព្រោះនៅពេលម៉ាកសញ្ញាយើងល្បីវាក៏ចូលរួមផ្សព្វផ្សាយពីភាពល្បីល្បាញរបស់ខ្មែរដែរ។ ចូលមកដល់ចំណុចនេះខ្ញុំចង់ពន្យល់ពីចំណុចមួយចំនួននៃការទិញស្រាប់ និងអ្វីដែលសាងឡើងដោយខ្លួនឯង៖
1.ទិញស្រាប់ៈ អាចនិយាយថាមានភាពងាយស្រួល (រូបមន្តមានស្រាប់ ទីផ្សារមានស្រាប់ មានភាពល្បីល្បាញគេស្គាល់ហើយទើបយើងទិញមកអ៊ីចឹងយើងមិនចាំបាច់ចំណាយថវិកាទៅលើការផ្សព្វផ្សាយច្រើន មិនចំណាយពេលក្នុងការពន្យល់ទៅកាន់អតិថិជនឡើយ។ ឧទាហរណ៍ ទូរស័ព្ទ iPhone ជាដើម គេមិនចាំបាច់ចំណាយក្នុងផ្សព្វផ្សាយទេនៅពេលវាចេញលក់លើទីផ្សារគេបានទទួលស្គាល់នូវគុណតម្លៃរបស់វារួចទៅហើយ គេនឹងដឹងថា តម្លៃរបស់វាស្ថិតនៅត្រង់ណា? គុណភាពគុណភាពដូចម្ដេច?
2.សាងៈ លំបាកគ្រប់យ៉ាង (តម្រូវឱ្យយើងគិតពីតម្រូវការរបស់អតិថិជន ទីផ្សារ ការផ្សព្វផ្សាយម៉ាកសញ្ញា រូបមន្ត និងចំណុចជាច្រើនផ្សេងៗទៀត ពិសេសបច្ចុប្បន្នពុំសូវមានអ្នកគាំទ្រនូវផលិតផលថ្មីទេ ដូច្នេះយើងត្រូវប្រើពេលវេលាយូរទំរាំគេស្គាល់ម៉ាកសញ្ញារបស់យើង។ ឧទាហរណ៍ យក្សាកាហ្វេគឺជាែប្រ៊នដ៍ថ្មីមួយដែលខ្ញុំបានបង្កើតវាកាលពីពេលថ្មីៗនេះ។ ខ្ញុំត្រូវការប្រើពេលវេលាយូរក្នុងការផ្សព្វផ្សាយដើម្បីឱ្យសាធារណជនបានស្គាល់។ ទោះបីជាកាហ្វេយើងឆ្ងាញ់ដល់កម្រិតណាក៏ដោយ គឺយើងត្រូវតែប្រើថាមពលច្រើនក្នុងការបង្កើតរូបមន្តសម្រាប់ កាហ្វេ តែទឹកដោះគោសូដា និងនំ ចំណែកពេលវេលា និងថវិកាសម្រាប់ក្នុងការស្រាវជ្រាវគឺត្រូវមានចំនួនច្រើនផងដែរ។
នេះបញ្ជាក់ឱ្យឃើញថា ែប្រ៊នដ៍ដែលយើងសាងមានភាពលំបាក តែបើយើងធ្វើដោយភាពរីករាយ និងធ្វើឱ្យក្លាយជាទម្លាប់នោះយើងនឹងមិនមានការនឿយហត់ ឬធុញទ្រាន់ឡើយ តែបើយើងធ្វើដើម្បីតម្រូវតែប្រាក់នោះយើងពិបាកក្នុងការសាងម៉ាកយីហោខ្លួនឯងណាស់។
នៅពេលសាងពាណិជ្ជនាមខ្លួនឯងតើលោកត្រូវមើលទៅលើកក្ដា និងឈរលើមូលដ្ឋានអ្វីខ្លះ?
ដើម្បីសាងទៅលើម៉ាកសញ្ញាដោយខ្លួនឯង យើងត្រូវឈរលើមូលដ្ឋានមួយចំនួនដូចជា៖
1.ការកំណត់ឈ្មោះ : ងាយស្រួលសរសេរ ងាយស្រួលចាំ និងអាចបញ្ជាក់អំពីអាជីវកម្មរបស់ខ្លួនតែម្តង មិនមែនគ្រាន់តែឈ្មោះពីរោះតែពិបាកសរ-សេរ និងពិបាកមើល ពិបាកចង់ចាំនោះទេ។
2.តម្លៃ : ត្រូវចេះកំណត់តម្លៃនៃទំនិញចូលទៅក្នុងទីផ្សារ ត្រូវស្របទៅតាមរូបមន្តរបស់យើង ប៉ុន្ដែមិនត្រូវដាក់តម្លៃវាឱ្យថ្លៃខ្ពស់ពេក ឬទាបជាងតម្លៃដើមនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់អតិថិជនរបស់យើង។
3.ការកំណត់គោលដៅ : ត្រូវរៀបចំផែននៃការកំណត់គោលដៅដែលយើងចង់ទៅ ហើយយើងមិនអាចប្រែប្រួលគោលដៅទេ តែយើងអាចប្រែប្រួលយុទ្ធសាស្ត្រក្នុងការធ្វើដើម្បីសម្រេចគោលដៅ។
ឧទាហរណ៍យើងកំណត់គោលដៅថា “បើកហាងកាហ្វេយក្សា” គឺយើងមិនមែនប្រែប្រួលឈប់បើកហាងកាហ្វេនោះទេ តែយើងប្រែប្រួលយុទ្ធសាស្ត្ររបស់យើងតម្រូវទៅតាមអតិថិជនដែលពួកគាត់ចង់បានភាពស្រស់ស្អាត អនាម័យ ឬទៅតាមតម្រូវការរបស់ក្មេង មនុស្សចាស់ តែយក្សាកាហ្វេនៅតែរក្សាពាក្យ “យក្សាកាហ្វេ” ដដែល ដោយបន្ថែមបន្ថយតែតម្រូវការបន្ដិចបន្ដួចប៉ុណ្ណោះ។
4.ការចំណាយពេលវេលា : ត្រូវចំណាយពេលវេលាឱ្យបានច្រើននៅខាងក្រៅជាមួយគ្រូរបស់យើង(តុកាហ្វេ អតិថិជន និងអ្នកដែលមានជំនាញ)ព្រោះយើងត្រូវការកែកុនដើម្បីឱ្យកាន់តែប្រសើរអាចតម្រូវតាមគ្រប់ស្ថានការណ៍ និងរបត់របស់អតិថិជន ដូចនេះហើយទើបខ្ញុំនិយាយថា ការចំណាយពេល បើសិនយើងបូជាខ្លួនសម្រាប់អាជីវកម្មមួយហ្នឹង វាប្រាកដជាហុចផលដ៏ល្អឱ្យមកយើងវិញជាមិនខាន។ ចង់សាងម៉ាកសញ្ញាថ្មីមួយត្រូវប្រើពេលវេលាទាំងអស់នៅជាមួយវា ប្រៀបដូចជាយើងលេងហ្គេមអ៊ីចឹង បើយើងលេងមិនឈ្នះវា យើងត្រូវលេងវាម្តងទៀត នោះយើងនឹងរកឃើញនូវចំណុចខ្វះខាតដែលយើងមានពីមុនមក ហើយហ្គេមនោះយើងនឹងអាចសម្រេចនូវវគ្គនីមួយៗហើយវគ្គថ្មីៗវានឹងកើតមានបន្តទៀត។
5.ការផ្សព្វផ្សាយ : ការផ្សព្វផ្សាយគឺជាការចំណាយដ៏ធំសម្រាប់ការធ្វើឱ្យអតិថិជនមានការចងចាំម៉ាកសញ្ញារបស់យើង។ យើងគួរធ្វើអ្វីដែលចាំបាច់ត្រូវធ្វើឱ្យអតិថិជនអាចនឹកឃើញចង់ប្រើប្រាស់នូវសេវាដែលជាម៉ាកសញ្ញារបស់យើង។ ឧទាហរណ៍ ហាងកាហ្វេយើងគួរតែធ្វើបណ្តោងសោរ ព្រោះនៅពេលគេជិះម៉ូតូ ឬរថយន្ដគេនឹងឃើញហើយចេញដំណើរមករកកន្លែងយើងតែម្តង។
តើយើងអាចយកអ្វីទៅវាស់ស្ទង់ការគាំទ្រពាណិជ្ជនាមរបស់យើង?
យើងចង់វាស់ស្ទង់នូវម៉ាកសញ្ញារបស់យើង ដើម្បីឱ្យដឹងនោះគឺយើងអាចធ្វើបានដោយប្រើវិធីសាមញ្ញមួយចំនួនដូចជា៖
- សាកសួរក្រុមមនុស្សដែលគេធ្លាប់ឃើញរបស់យើង
- ប្រមើលមើលនូវការបើកបន្តនូវម៉ាកសញ្ញារបស់យើង
- សង្កេតមើលតាមរយៈបណ្ដាញផ្សព្វផ្សាយលើប្រព័ន្ធព័ត៌មានក្នុងនាមលោកជាម្ចាស់អាជីវកម្មដែលបង្កើតពាណិជ្ជនាមខ្លួនឯង តើលោកត្រូវធ្វើសកម្មភាពអ្វីខ្លះជាមួយអតិថិជន ឬសាធារណជន?
ក្នុងនាមជាម្ចាស់អាជីវកម្មដែលបង្កើតម៉ាកសញ្ញាដោយខ្លួនឯង ខ្ញុំតែងរកគំនិតដែលប្លែកៗសម្រាប់អតិថិជនគោលដៅរបស់ខ្ញុំ ដូចជា ហាងបោកអ៊ុតទំនើប ខ្ញុំបានបង្កើតសេវាកម្មលឿនរហ័សសម្រាប់អតិថិជនដែលគ្មានពេលវេលានៃការរង់ចាំត្រឹមតែ30នាទីរួចជាស្រេច។ សម្រាប់យក្សាបោកអ៊ុត អ្នកដែលមិនទាន់មានគ្រួសារក៏អាចបើកបាន ដោយមិនគិតលើថ្លៃម៉ាកយីហោមួយជីវិតថែមទៀត។
ចំណែក យក្សាកាហ្វេ យើងបានព្យាយាមផ្សព្វផ្សាយទៅកាន់អតិថិជន ហើយខ្ញុំមានដៃគូជាច្រើនដើម្បីជួយផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ។ មានទស្សនៈខ្លះលើកឡើងថា យុវជនភាគច្រើនចង់ទទួលបានសេវាកម្មពីកន្លែង ឬហាងល្បីៗមកពីបរទេសដើម្បីបង្ហាញពីជីវិតស៊ីវិល័យរបស់ពួកគេ។
តើលោកយល់ដូចម្ដេចចំពោះការលើកឡើងនេះ?
ទស្សនៈនេះពិតជាត្រឹមត្រូវ ព្រោះនៅពេលមានអ្វីមួយប្លែកភ្នែក ប្លែកត្រចៀកមនុស្សតែងតែចាប់អារម្មណ៍ចង់ឃើញ ចង់ស្តាប់ ដូច្នេះការលើកឡើងថា យុវជនបច្ចុប្បន្នចូលចិត្ដប្រែ៊នដ៍បរទេស គឺជាការត្រឹមត្រូវ។ ទោះយ៉ាងណាបច្ចុប្បន្នយុវជនយើងក៏មានអ្នកចូលចិត្តប្រែ៊នដ៍ខ្មែរដែរ ព្រោះខ្មែរយើងបានធ្វើទំនើបកម្មសម្រាប់សេវាកម្ម ផលិតផលផ្សេងៗ ដើម្បីតម្រូវទៅតាមអារម្មណ៍អតិថិជនតាមរយៈការគួបផ្សំគំនិតខ្មែរ បូកជាមួយគំនិតបរទេស ធ្វើឱ្យផលិតផលយើងកាន់តែចាប់អារម្មណ៍ថែមមួយកម្រិតទៀត។ ពីមុនយើងគ្មានប្រព័ន្ធបច្ចេកវិទ្យាដែលអាចទំនាក់ទំនងនៅខាងក្រៅបាន តែពេលនេះយើងអាចធ្វើបាន។
ជាទស្សនៈរបស់លោក តើយុវជនដែលទើបចាប់ផ្ដើមអាជីវកម្មថ្មី គួរតែសាងពាណិជ្ជនាមដោយខ្លួនឯង ឬទិញគេមកស្រាប់?
តាមទស្សនៈរបស់ខ្ញុំ យុវជនក្មេងៗគួរតែចាប់ផ្តើមសាងអាជីវកម្ម ឬបង្កើតពាណិជ្ជនាមដោយខ្លួនឯង ព្រោះពួកគេនៅមានពេលវេលាច្រើនសម្រាប់រៀនពីកំហុស និងគួរតែធ្វើឱ្យបានពិតប្រាកដនូវគោលដៅដែលខ្លួនស្រឡាញ់។ ខ្ញុំសូមផ្តាំថា “បើស្រឡាញ់ប្រាក់តែមួយមុខ អ្នកពិបាកក្នុងការកសាងម៉ាកយីហោណាស់ ព្រោះអ្វីៗទាំងអស់ត្រូវចំណាយ និងត្រូវរង់ចាំពេលវេលាយូរថែមទៀត។ ការសាងពាណិជ្ជសញ្ញាដោយខ្លួនឯង គឺជាការសាងគុណតម្លៃសម្រាប់ប្រជាជនខ្មែរយើង ព្រោះខ្ញុំយល់ថាបច្ចុប្បន្នមានអ្នកមានទ្រព្យសម្បត្ដិជាច្រើននៅក្នុងស្រុកខ្មែរពួកគាត់ក្រៅពីប្រឹងប្រែងបង្កើតលុយហើយនោះ គាត់ក៏ចង់បង្ហាញពីស្នាដៃរបស់ខ្លួនទៅកាន់ឆាកអន្ដរជាតិថា“ខ្មែរអាចធ្វើបាន។
ដើម្បីបញ្ជាក់ភាពស្មោះត្រង់របស់ម៉ាកសញ្ញាយើង និងកសាងទំនុកចិត្តថាយើងប្លែកពីគេប៉ុនណាសូមកុំព្យាយាមចម្លងពីគេ ត្រូវព្យាយាមបង្កើតថ្មីហើយកុំព្យាយាមគិតអវិជ្ជមាន ព្រោះវានឹងធ្វើឱ្យម៉ាកសញ្ញារបស់អ្នកដើរទៅរកផ្លូវខុស។ មនុស្សមានពេលវេលាក្នុងការគិតដូចគ្នាតែអាស្រ័យទៅលើខ្លួនយើងជាអ្នកសាងអ្នកចង់បានល្អ ត្រូវនិយាយល្អ ដូចជាឪពុកខ្ញុំជាគ្រូបង្រៀននៅសាលា ខ្ញុំចង់ក្លាយជាគ្រូបង្រៀនអាជីវកម្ម ព្រោះខ្ញុំមួយជីវិតនេះដាក់ខ្លួននៅក្នុងពិភពអាជីវកម្ម ពាណិជ្ជកម្ម ខ្ញុំព្យាយាមចែករំលែកមិនដែលស្តាយស្រណោះពេលវេលាខ្ញុំទេ ដើម្បីឱ្យអ្នកទាំងអស់គ្នាចងចាំខ្ញុំ នេះវាជាភាពរីករាយរបស់ខ្ញុំ។
លោក ហែម ហេម៉ា បច្ចុប្បន្នមានអាយុ38ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ និងមានបងប្អូន 9នាក់។ លោកជាកូនទី7 នៃគ្រួសារដែលមានឪពុកឈ្មោះ ហែម សាមេត ជាគ្រូបង្រៀន និងម្តាយឈ្មោះ ហេង ហ៊ាង ជាអតីតអ្នករកស៊ីលក់ដូរនៅក្នុងផ្សារ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ឡុង ស៊ីចាន់ ក្នុងឆ្នាំ2007 ហើយសព្វថ្ងៃនេះមានកូនស្រីចំនួន 2នាក់៕