Skip to content

ខ្សែភាពយន្ត «Avatar 2» រកប្រាក់​ចំណូល​បាន​តែជាង 430 លាន​ដុល្លារ​ «តិច​ជាង​ការ​ព្យាករ»

កំពូល​ខ្សែភាពយន្ត​រឿង «Avatar: The Way of Water» រកបាន​ប្រាក់ចំណូល​ជាង 434 លាន​ដុល្លារ​អាម៉េរិក នៅ​ទូទាំង​សកលលោក ទាប​ជាង «Doctor Strange 2» និង «Spider-Man: No Way Home» នៅក្នុង​សប្ដាហ៍​ដំបូង។

យោងតាម Deadline 300.5 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ប្រាក់ចំណូល​របស់ Avatar 2 គឺ​បានមកពី​ការលក់​សំបុត្រ​ក្នុង​ទីផ្សារ​អន្តរជាតិ (ខាងក្រៅ​អាម៉េរិក​ខាងជើង)។ រឿង «Avatar 2» បាន​ក្លាយជា​កំពូល​ខ្សែភាពយន្ត​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ​លំដាប់​ទី​បី រាប់​ចាប់ពី​កូ​វីដ-19 បាន​ផ្ទុះឡើង។ «Spider-Man: No Way Home» ធ្លាប់​រកប្រាក់​ចំណូល​បាន 601 លាន​ដុល្លារ និង «Doctor Strange 2» រកបាន 442 លាន​ដុល្លារ​នៅ​ក្នុងការ​បញ្ចាំង​ក្នុង​សប្ដាហ៍​ដំបូង។

ក្រុម​អ្នកជំនាញ​អះអាងថា ប្រាក់ចំណូល​ក្នុង​សប្ដាហ៍​ដំបូង​របស់ «Avatar 2» សម្រេច​មិនបាន​ដូច​បំណង។ ក្នុងនោះ ទីផ្សារ​ប្រទេស​ចិន រកបាន​តែ 57.1 លាន​ដុល្លារ ស្មើនឹង​ជាង​ពាក់កណ្ដាល ធៀប​នឹង​ការ​ព្យាករ​នាពេល​កន្លង។ អ្នកវិភាគ​យល់ថា មូលហេតុ​សំខាន់​ដែលនាំឱ្យ​ប្រាក់ចំណូល​មិន​ខ្ពស់​ដូច​ការរំពឹងទុក គឺ​ដោយសារ​ស្ថានភាព​កូ​វីដ-19 នៅ ប្រទេស​ចិន នៅតែ​ប៉ះពាល់​ដល់​វិស័យ​បញ្ចាំងភាពយន្ត​នៅ​រោងកុន​ក្នុងប្រទេស​នេះ។

ក៏ប៉ុន្តែ ខ្សែភាពយន្ត​ថ្មី​របស់ James Cameron ឈរ​លំដាប់​កំពូល​តារាង​ស្ដីពី​ភាពយន្ត​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ក្នុង​សប្ដាហ៍​កន្លង។

ខ្សែភាពយន្ត «Avatar 2» ឬ​ហៅថា «Avatar: The Way of Water» ដែលជា​វគ្គ​បន្ទាប់​រប​ស់ «Avatar» ផលិត​កាលពី​ឆ្នាំ 2009 និយាយ​អំពី Jake Sully (Sam Worthington) កសាង​គ្រួសារ​ថ្មី​នៅ Pandora។ ពួកគេ​រស់​ដោយ​សុភមង្គល​ជាមួយនឹង​កូន 4 នាក់ ក្នុងនោះ​មាន Kiri (Sigourney Weaver) ដែលជា​កូនស្រី​របស់​សព​បណ្ឌិត Grace Augustine។ ក៏ប៉ុន្តែ ជីវភាព​សុខសាន្ត​រប​ស់​ពួកគេ​មិនបាន​អូសបន្លាយ​ពេល​យូរ​ឡើយ នៅពេល​មនុស្ស​វិល​ត្រលប់​ទៅ​សងសឹក៕

Leave a Reply

Your email address will not be published. Required fields are marked *