ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចុះទៅកាន់ទីលានប្រកួតនៅ កាតា ដើម្បីលើកទឹកចិត្តខ្សែប្រយុទ្ធ Mbappe បន្ទាប់ពី បារាំង ចាញ់ អាហ្សង់ទីន ក្នុងការប្រកួតទាត់ប៉េណាំងទី នៅវគ្គផ្ដាច់ព្រ័ត្ររបស់ World Cup 2022។
លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី 18 ធ្នូ 2022 បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Lusail Iconic ប្រទេសកាតា ដើម្បីតាមដានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup 2022 រវាងក្រុមជម្រើសជាតិរបស់ បារាំង និង អាហ្សង់ទីន។ នៅលើជួរកៅអីពិសេស លោក ម៉ាក្រុង បានសម្ដែងការសប្បាយរីករាយនៅពេលក្រុមរបស់ បារាំង រកបានគ្រាប់បាល់ស្មើនៅក្នុង 2 តង់ដំបូង ក៏ដូចជាតង់ថែមម៉ោងបន្ទាប់។
ប៉ុន្តែ នៅក្នុងការប្រកួតស៊ុតប៉េណាំងទីដើម្បីកំណត់អ្នកឈ្នះ ភាពអស្ចារ្យរបស់អ្នកចាំទី Emiliano Martinez បានជួយឱ្យ អាហ្សង់ទីន យកឈ្នះលើ បារាំង និងដណ្ដើមបានពានរង្វាន់ជើងឯក។ ក្រុមកីឡាកររបស់ បារាំង តួចចិត្ត អស់សង្ឃឹម ក្នុងនោះ ខ្សែប្រយុទ្ធ Kylian Mbappe ដែលរកបាន 3 គ្រាប់មុននឹងត្រូវទាត់ប៉េណាំងទី មិនសប្បាយចិត្តសោះ។
ប្រធានាធិបតីបារាំង បានចុះទៅកាន់ទីលានប្រកួត លើកទឹកចិត្ត Mbappe ដែលលេងបានល្អក្នុងការប្រកួត ប៉ុន្តែនៅតែមិនអាចជួយឱ្យ បារាំង ដណ្ដើមបានជើងឯក។ លោក ម៉ាក្រុង ដាក់ដៃលើស្មារបស់ Mbappe និងនិយាយលើកទឹកចិត្ត។ ប៉ុន្តែ Mbappe មិនអាចសប្បាយចិត្តបាន នៅពេលមើលទៅកាន់ទិដ្ឋភាពក្រុមរបស់ អាហ្សង់ទីន កំពុងអបអរជ័យជម្នះ។
ដោយរកបាន 8 គ្រាប់នៅ World Cup លើកនេះ Mbappe ទទួលបានស្បែកជើងមាស និងក្លាយជាកីឡាករដែលរកបាន 3 គ្រាប់ដំបូងគេក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ World Cup រាប់ចាប់ពីឆ្នាំ 1966៕