(កាតា)- កំពូលតារាបាល់ទាត់វ័យ 35 ឆ្នាំ Lionel Messi ពាក់អាវធំក្រៅដែលមហាក្សត្រកាតា ប្រទាន នៅពេលលើកពាន World Cup ជាលើកដំបូងក្នុងអាជីព ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។
ក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup 2014 នៅ ប្រេស៊ីល Lionel Messi បានលើកពានបាល់មាស World Cup ប៉ុន្តែ បានត្រឹមតែសម្លឹងមើលពានជើងឯក World Cup ពីចម្ងាយជាមួយនឹងទឹកមុខមិនសូវសប្បាយចិត្ត។ ក៏ប៉ុន្តែ ក្រោយការប្រកួតផ្ដាច់ព្រ័ត្រកាលពីយប់មិញ (18 ធ្នូ 2022) នៅ កាតា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន លើកនេះដណ្ដើមបានទាំងពាន់ជើងឯក World Cup បានទាំងពានបាល់មាស។
Messi រកបាន 2 គ្រាប់ ជួយឱ្យ អាហ្សង់ទីន ស្មើនឹង បារាំង 3-3 នៅវគ្គផ្ដាច់ព្រ័ត្រ មុនពេលស៊ុតបានជោគជ័យជាមួយនឹងលទ្ធផល 4-2 នៅក្នុងការប្រកួតទាត់បាល់ប៉េណាំងទី។ កំពូលកីឡាកររូបនេះតំណាងឱ្យ អាហ្សង់ទីន ឡើងទទួលពានមាស World Cup ពីមហាក្សត្ររបស់ កាតា ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani និងប្រធាន FIFA លោក Gianni Infantino។
មុនពេលប្រគល់ពានមាស ព្រះអង្គម្ចាស់ Al Thani បានប្រទានអាវធំក្រៅ bisht ពណ៌ខ្មៅទៅឱ្យ Messi ដើម្បីសម្ដែងការកោតសរសើរ។ អាវ bisht ត្រូវបានប្រើប្រាស់សម្រាប់តែមេដឹកនាំសាសនាអ៊ីស្លាម ឬមន្ត្រីរដ្ឋាភិបាល នៅក្នុងព្រឹត្តិការណ៍ពិសេសប៉ុណ្ណោះ។
ក្រោយមក Messi ទទួលពានមាសពី ព្រះអង្គម្ចាស់ Al Thani និងលោក Infantino។ Messi ឆ្លៀតថើបពានជើងឯកជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។ នេះក៏ត្រូវបានចាត់ទុកថាជារង្វាន់ពិសេស និងមានតម្លៃបំផុតចំពោះអាជីពជាកីឡាករមួយរូប ហើយក៏ជាពានជើងឯកទីបីដែលបានទៅលើ អាហ្សង់ទីន បន្ទាប់ពីឆ្នាំ 1978 និង 1986។