ក្រុមហ៊ុនធុរកិច្ចថ្មីរបស់ អ៊ីស្រាអែល បានទទួលជោគជ័យក្នុងការអភិវឌ្ឍរ៉ូបូតហោះមួយប្រភេទដែលមានសមត្ថភាពបេះផ្លែឈើជំនួសមនុស្ស។
នៅក្នុងតំបន់មួយចំនួនរបស់ពិភពលោក ឱ្យតែដល់រដូវប្រមូលផលផ្លែឈើ កសិករតែងតែជួបបញ្ហាខ្វះកម្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Tevel របស់ អ៊ីស្រាអែល ក៏បានអភិវឌ្ឍរ៉ូបូតហោះដែលមានជំនាញក្នុងការបេះផ្លែឈើ។
រ៉ូបូតនេះហោះក្បែរពីលើ ឬពីខាងដើមឈើ ដើម្បីពិនិត្យ និងបេះផ្លែដែលដល់ពេលត្រូវប្រមូលផល។ ពួកវាប្រើប្រាស់ដៃដែលអាចស្រូបទាញផ្លែឈើ ហើយទម្លាក់ចូលទៅក្នុងធុងដោយការប្រុងប្រយ័ត្ន។
យោង Yaniv Maor នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Tevel បានឱ្យដឹងថា «រ៉ូបូតហោះដែលយើងអភិវឌ្ឍ មានរូបរាងតូច លឿន និងសន្សំសំច័យប្រាក់»។
រ៉ូបូតនេះបំពាក់កាមេរ៉ាដែលអនុញ្ញាតឱ្យវាដឹងថា ផ្លែណាត្រូវបេះ ផ្លែណាមិនទាន់ដល់ពេលត្រូវបេះ។ វាក៏បំពាក់ប្រព័ន្ធពិសេសដែលជួយឱ្យដំណើរការបន្តបន្ទាប់ដោយមិនខ្លាចអស់ថាមពលអគ្គិសនី និងអាចធ្វើការគ្រប់កាលៈទេសៈ។
បច្ចុប្បន្ន រ៉ូបូតរបស់ Tevel អាចបេះផ្លែឈើមួយចំនួនមានដូចជា ប៉ោម សារី ស្វាយ ប៊ឺរ និងជម្ពូ។ ក្រៅពី អ៊ីស្រាអែល រ៉ូបូតនេះក៏ត្រូវបានប្រើប្រាស់នៅ សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅ អឺរ៉ុប។ ប៉ុន្តែ ក្រុមហ៊ុន Tevel ឱ្យដឹងថា កំពុងមានគម្រោងវាយលុកទីផ្សារចិន និងជប៉ុន ផងដែរ៕