រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី 15 ធ្នូ បានអញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះពិនិត្យការដ្ឋានគម្រោងស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ 8 ចាប់ពីគីឡូម៉ែត្រ 25+820 ដល់គីឡូម៉ែត្រ 29+300។
ឯកឧត្តម នូ សុវត្ថិ រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមវិស្វកម្មដែលទទួលអនុវត្តគម្រោង ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា និងត្រូវជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងស្ដារឡើងវិញកំណាត់ផ្លូវជាតិខាងលើ មានប្រវែងសរុប 2,480 ម៉ែត្រ និងទទឹង 24.51 ម៉ែត្រ ក្នុងនោះក៏មានសួនច្បារទទឹង 3 ម៉ែត្រនៅកណ្ដាលទ្រូងផ្លូវ ព្រមទាំងមានលូបង្ហូរទឹកភ្លៀងនៅសងខាងផ្លូវ និងមានបំពាក់បង្គោលភ្លើង និងភ្លើងបំភ្លឺពេលយប់ផងដែរ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់បច្ចុប្បន្ន គម្រោងដែលត្រូវបានអនុវត្តដោយកងវិស្វកម្មសម្តេចតេជោសៀមរាប (ក្រុម ក) នេះ សម្រេចបាន 50% រួចហើយ៕