អាជ្ញាធរបារាំង បានប្រកាសថា ប៉ូលិសប្រហែល 14,000 នាក់ នឹងធ្វើសកម្មភាពនៅទូទាំងប្រទេសដើម្បីធានាសន្តិសុខនៅក្នុងថ្ងៃប្រកួតបាល់ទាត់ពិភពលោក វគ្គផ្ដាច់ព្រ័ត្រ។
យោងតាមផែនការដែលត្រូវបានលើកឡើងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin កាលពីថ្ងៃទី 16 ធ្នូ កងកម្លាំងនេះនឹងចូលរួមរក្សាសន្តិសុខនៅ រដ្ឋធានីបារីស ជាទីដែលត្រូវបានព្យាករថា នឹងមានការជួបជុំមនុស្សម្នាទ្រង់ទ្រាយធំ ក្នុងករណី បារាំង ដណ្ដើមបានជ័យជម្នះ។
មហាវិថី Champs-Elysees គឺជាកន្លែងដែលធ្លាប់មានព្រឹត្តិការណ៍អបអរធំៗនៅក្នុងពេលដែល បារាំង ដណ្ដើមបានជើងឯក World Cup នៅក្នុងឆ្នាំ 1998 និង 2018។ មនុស្សប្រហែល 600,000 នាក់ បានប្រមូលផ្ដុំគ្នានៅទីនេះ ដើម្បីចូលរួមអបអរសាទរកាលពី 4 ឆ្នាំមុន។ មហាវិថីនេះនឹងហាមយានជំនិះនៅថ្ងៃទី 18 ធ្នូ ហើយកម្លាំងសមត្ថកិច្ច 2,750 នាក់ នឹងយាមល្បាតនៅក្បែរៗនោះ។
កាលពីថ្ងៃទី 14 ធ្នូ មនុស្សប្រហែល 40 នាក់ត្រូវបានប៉ូលិសបារាំងចាប់ខ្លួន នៅពេលព្យាយាមចូលរួមជាមួយនឹងក្រុមមនុស្សដែលកំពុងជប់លៀងជ័យជម្នះ ក្រោយពី ក្រុមជម្រើសជាតិបារាំង បានយកឈ្នះលើ ម៉ារ៉ុក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ «ពួកគេទៅចូលរួមដើម្បីបង្កហេតុ» នេះបើតាមរដ្ឋមន្ត្រី Darmanin និយាយអំពីក្រុមមនុស្សខាងលើ។
មុននោះ ក៏មានការប៉ះទង្គិចគ្នានៅ បារាំង បន្ទាប់ពី ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសនេះ បានផ្ដួល ក្រុមម៉ារ៉ុក នៅក្នុងវគ្គ 1/8។ សមត្ថកិច្ចបារាំង បានបាញ់ផ្សែងបង្ហូរទឹកភ្នែកដើម្បីរំសាយក្រុមមនុស្ស៕