ភ្នំពេញ៖ ដោយឈរលើកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរង្វង់7%ជារៀងរាល់ឆ្នាំក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយ បានធ្វើឱ្យអ្នកវិនិយោគក៏ដូចជាអ្នកទេសចរកម្ពុជាធ្វើដំណើរតាមជើងយន្តហោះមានការកើនឡើងខ្លាំងនៅត្រីមាសទី3 ឆ្នាំ2017នេះ។
តាមការឱ្យដឹងពីក្រុមហ៊ុន Vinci Airports ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambodia Airports បានបង្ហាញថា ចំនួនអ្នកទេសចរ និងអ្នកវិនិយោគដែលធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិទាំង3របស់កម្ពុជាមានការកើនឡើងប្រមាណជា25.7 % គិតត្រឹមត្រីមាសទី3 បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2016។
របាយការណ៍របស់ក្រុមហ៊ុន Vinci បានបង្ហាញថា អ្នកធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិទាំង3របស់កម្ពុជាមានចំនួនកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងត្រីមាសដំបូងក្នុងឆ្នាំនេះ ដោយចំនួននេះបើគិតជាភាគរយ គឺបានកើនឡើងដល់ 25.7% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំនួននេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរឆ្លងកាត់24.5% ព្រលានយន្តហោះអន្តរជាតិសៀមរាប 21.8% និងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ កើនឡើង16.2%។
លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Cambodia Airports បានប្រាប់អ្នកយកព័ត៌មានរដ្ឋ(AKP)ឱ្យដឹងថា ការកើនឡើងនៃចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះទាំងបីរបស់កម្ពុជានាពេលនេះ បានមកពីកត្តារួមផ្សំគ្នារវាងស្ថានភាពសេដ្ឋកិច្ច និងកំណើនអ្នកដំណើរដ៏រឹងមាំរបស់កម្ពុជាដែលនៅតែបន្តកើនឡើងក៏ដូចជាការបើកជើងហោះហើរថ្មីៗបន្ថែមពីប្រទេសផ្សេងៗមកកាន់កម្ពុជាផងដែរ គួបផ្សំជាមួយនឹងការធ្វើដំណើរតាមផ្លូវអាកាសរបស់ពិភពលោក និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនៅតែបន្តបង្ហាញសញ្ញាកើនឡើង។ លោកបានបន្ដថា អាកាសចរណ៍កម្ពុជាបានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ដែលវាមិនគ្រាន់តែទាក់ទាញការមកដល់នៃភ្ញៀវទេសចរអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទាញទេសចរក្នុងស្រុកផងដែរ។
សូមបញ្ជាក់ថា Vinci Airports ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambodia Airports កំពុងគ្រប់គ្រងភាគហ៊ុន70% លើការវិនិយោគរួមគ្នាដែលកំពុងប្រតិបត្តិការនៅព្រលានយន្តហោះ អន្តរជាតិទាំង 3 របស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុននេះក៏កំពុងវិនិយោគលើទឹកប្រាក់100 លានដុល្លារបន្ថែមក្នុងការបង្កើនសមត្ថភាពព្រលានយន្តហោះភ្នំពេញ និងសៀមរាបដើម្បីទទួលបានអ្នកដំណើរសរុប10លាននាក់ក្នុងមួយឆ្នាំ៕