Skip to content

កម្ពុជា​លក់​លេខ​រថយន្ត​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន​សរុប​បាន​ជាង 343 ពាន់​លាន​រៀល

គិត​មកដល់​ខែវិច្ឆិកា 2022 ការលក់​ស្លាក​លេខ​ចុះបញ្ជី​រថយន្ត​រកបាន​ចំណូល​សរុប​បាន​ជាង 343 ពាន់​លាន​រៀល នេះ​បើតាម របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អន្តរក្រសួង ដែល​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត។

តួលេខ​ខាងលើ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 15 ធ្នូ 2022 នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ប្រចាំខែ​វិច្ឆិកា 2022 ស្តីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត​របស់ គណៈកម្មការ​អន្តរក្រសួង ដែល​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការក្រសួង​សាធារណការ ក្រោម​អធិបតីភាព​លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​អន្តរក្រសួង បានឱ្យដឹងថា គិត​មកដល់​ខែវិច្ឆិកា 2022 ការលក់​ស្លាក​លេខ​ចុះបញ្ជី​រថយន្ត​សម្រេចបាន​សរុប​ប្រមាណ​ជាង 231 ពាន់​លេខ រកបាន​ចំណូល​សរុប​ជាង 343 ពាន់​លាន​រៀល ( 85 លាន​ដុល្លារ​អាមេរិក) ក្នុងនោះ លេខ​ពិសេស​លក់បាន​ជាង 215 ពាន់​លេខ រកបាន​ចំណូល​ជាង 231 ពាន់​លាន​រៀល (57 លាន​ដុល្លារ​អាម៉េរិក) និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​លក់បាន​ជាង 15 ពាន់​លេខ រកបាន​ចំណូល​ជាង 112 ពាន់​លាន​រៀល (28 លាន​ដុល្លារ​អាមេរិក)។

ដោយឡែក ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា 2022 គណៈកម្មការ​អន្តរក្រសួង​ខាងលើ រកបាន​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​ពិសេស និង​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សរុប​ជាង 78 ពាន់​លាន​រៀល (19 លាន​ដុល្លារ​អាមេរិក) កើនឡើង​ប្រមាណ 27% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង៕

លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​បញ្ជាក់ថា ចំណូល​មួយផ្នែក​ដែល​បានមកពី​កម្មវិធី​ពិព័រណ៍​ការលក់​លេខ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​នាពេលខាងមុខ នឹងត្រូវ​យកទៅ​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា៕

Leave a Reply

Your email address will not be published. Required fields are marked *