ជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញបង្គាច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្ន បរិមាណបង្គារបស់ ប្រទេសថៃ កំពុងថយចុះខ្លាំងដោយសារជំងឺ ដូច្នេះហើយប្រទេសនេះកំពុងតែ «គាំទ្រ» ដល់បង្គាដែលនាំចូលពីបរទេសដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុក។
បរិមាណបង្គារបស់ ប្រទេសថៃ កំពុងស្ថិតក្នុងដំណាក់កាលថយចុះពាក់កណ្ដាល បើធៀបនឹងបរិមាណខ្ពស់បំផុតក្នុងឆ្នាំនេះ នៅពេលជំងឺបានបង្កការខាតបង់ដល់កសិដ្ឋាននានារបស់ប្រទេសនេះ ធ្វើឱ្យមានសម្ពាធដល់រដ្ឋាភិបាលក្នុងការធានាប្រភពផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេស និងការជួយដល់ប្រជាកសិករដែលចិញ្ចឹមបង្គាជាលក្ខណៈគ្រួសារ។
បង្គាគឺជាទំនិញសំខាន់ខ្លាំងសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនថៃ ដោយសារវាមិនត្រឹមតែជាគ្រឿងផ្សំចម្បងសម្រាប់មុខម្ហូបក្នុងស្រុកដូចជាតុមយ៉ាំ (Tom Yum) ជាដើមនោះទេ ប៉ុន្តែ បង្គាក៏ជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។
វិស័យចិញ្ចឹមបង្គានៅ ប្រទេសថៃ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺមួយចំនួនដូចជា ជំងឺបង្គាឆាប់ងាប់ (EMS – Early Mortality Syndrome) ជាដើម អស់រយៈពេលជាង 10 ឆ្នាំមកហើយ។ បរិមាណបង្គារបស់ប្រទេសនេះគ្រោងនឹងសម្រេចបានតែ 270,000 តោនក្នុងឆ្នាំ 2022 ថយចុះច្រើនធៀបនឹងជាង 600,000 តោនកាលពីឆ្នាំ 2021។
គិតត្រឹមឆ្នាំ 2012 ប្រទេសថៃគឺជាអ្នកនាំចេញបង្គាលំដាប់កំពូលរបស់ពិភពលោក ប៉ុន្តែបានធ្លាក់មកនៅក្រោម ឥណ្ឌា និង អេក្វាទ័រ ចាប់ពីឆ្នាំ 2016។
កាលពីខែសីហា 2022 រដ្ឋាភិបាលប្រទេសថៃ បានសម្រេចឱ្យនាំចូលបង្គាប្រហែល 10,000 តោនពី ប្រទេសអេក្វាទ័រ និង ឥណ្ឌា ដើម្បីទប់ទល់នឹងស្ថានភាពខ្វះប្រភពផ្គត់ផ្គង់ក្នុងស្រុក។ ទន្ទឹមនឹងនេះ អាជ្ញាធរថៃ ក៏បានកំណត់គោលដៅផលិតបង្គាឱ្យបាន 400,000 តោនជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំក្រោយ៕