ភ្នំពេញ – ដើម្បីចូលរួមថែរក្សាជីវចម្រុះ និងគម្របព្រៃឈើឱ្យមាននិរន្ដរភាព និងការពារបាននូវការបាត់បង់បន្ដទៅទៀត រាជរដ្ឋាភិបាលជប៉ុននឹងបញ្ចេញថវិកាដើម្បីទិញទិន្នន័យដែលសហរដ្ឋអាមេរិកថតទៅលើគម្របព្រៃឈើដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងជាមួយប្រព័ន្ធផ្កាយរណបបាន។
ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនបានចូលរួមជួយក្នុងកម្មវិធីនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការការពារអភិរក្សគម្របព្រៃឈើ ក៏ដូចជាការបង្កើនធនធានធម្មជាតិនៅកម្ពុជាឱ្យមានការកកើតឡើងវិញជាបន្ដបន្ទាប់ដែរ។
ការត្រួតពិនិត្យគម្របព្រៃឈើតាមរយៈផ្កាយរណបនឹងជួយឱ្យកម្ពុជាមានលទ្ធភាពទទួលបានទិន្នន័យច្បាស់លាស់ និងមានលទ្ធផលល្អ ព្រមទាំងឈានទៅដល់ការកាត់បន្ថយការបាត់បង់រេចរិល និងអាចគ្រប់គ្រងគម្របព្រៃឈើបានដោយនិរន្ដរភាពទៅថ្ងៃអនាគត។ ក្នុងនោះរដ្ឋាភិបាលជប៉ុន និងជួយចេញការចំណាយក្នុងការទិញទិន្នន័យដែលថតបានដោយសហរដ្ឋអាមេរិកសម្រាប់ត្រួតពិនិត្យគម្របព្រៃឈើនៅកម្ពុជា។
រហូតមកដល់ពេលនេះអង្គការJica និងអង្គការមួយចំនួនទៀតបានរួមគ្នាកសាងសមត្ថភាពបច្ចេកទេសផ្ដល់ឧបករណ៍វាស់វែង រាយការណ៍ ផ្ទៀងផ្ទាត់ព្រៃឈើ និងបង្កើតនូវប្រព័ន្ធតាមដានព្រៃឈើ និងផែនទីគម្របព្រៃឈើមួយដែលមានលក្ខណៈស្ដង់ដារអាចដឹងពីទិន្នន័យនៃការប្រែប្រួល និងមូលហេតុអ្វីខ្លះដែលធ្វើឱ្យគម្របព្រៃឈើមានការប្រែប្រួលដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។
ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្ដែងនូវអារម្មណ៍រីករាយដែលជប៉ុនបានជំនួយដល់បច្ចេកទេស និងកិច្ចសហប្រតិបត្តិការកសាងសមត្ថភាពសម្រាប់កម្មវិធីរេដបូក ជាពិសេសការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានឈានដល់ការបង្ហាញផែនទីគម្របដី/ការប្រើប្រាស់ដីចុងក្រោយរបស់ខ្លួន។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្ដែងការអបអរសាទរផងដែរ ដល់ក្រុមបច្ចេកទេស JICA ដែលនឹងជួយបញ្ចប់ការបង្កើតក្របខ័ណ្ឌរេដបូក ហើយប្រទេសជប៉ុននឹងបន្តជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀតក្នុងការអនុវត្តកម្មវិធីរេដបូកនៅទីវាល និងជួយការពារប្រព័ន្ធជីវចម្រុះព្រៃឈើដ៏មានតម្លៃរបស់កម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងអ្នកពាក់ព័ន្ធដ៏ទៃទៀតបានកៀរគរការគាំទ្របន្តទៀតដល់ការអនុវត្តកម្មវិធីរេដបូកសម្រាប់ការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើប្រកបដោយនិរន្តរភាព។ រដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តសកម្មភាពការងារដោះស្រាយការបាត់បង់ព្រៃឈើនៅកម្ពុជា៕