យោងតាមទិន្ន័យពី អគ្គនាយកដ្ឋានគយវៀតណាម គិតត្រឹមថ្ងៃទី 14 ធ្នូ 2022 ការនាំចេញ-នាំចូលទំនិញរបស់ប្រទេសនេះ បានកើនឡើងដល់ 698.5 ពាន់លានដុល្លារអាម៉េរិក ហើយដល់ថ្ងៃទី 15 ធ្នូ បានឡើងដល់ខ្ទង់ 700 ពាន់លានដុល្លារ។
តម្លៃសរុបនៃការនាំចេញ-នាំចូលទំនិញនៅទូទាំងប្រទេសនេះ ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2022 សម្រេចបាន 673.7 ពាន់លានដុល្លារ ដោយកើន 11.8% (ស្មើនឹងកំណើន 70.92 ពាន់លានដុល្លារ) ធៀបនឹងអំឡុងពេលដូចគ្នាក្នុងឆ្នាំ 2021។ ក្នុងនោះ ការនាំចេញរបស់ប្រទេសនេះសម្រេចបាន 342.19 ពាន់លានដុល្លារ និងការនាំចូលសម្រេចបាន 331.51 ពាន់លានដុល្លារ។
លទ្ធផលខាងលើនេះបង្ហាញថា តុល្យភាពពាណិជ្ជកម្មរបស់ វៀតណាម មានអតិរេករហូតដល់ 10.68 ពាន់លានដុល្លារ ខ្ពស់ជាងឆ្ងាយបើធៀបនឹង 4 ពាន់លានដុល្លារពេញមួយឆ្នាំ 2021។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុត ហើយ ប្រទេសចិន គឺជាទីផ្សារនាំចូលធំបំផុតរបស់ វៀតណាម។ គិតចាប់ពីដើមឆ្នាំមកដល់ដំណាច់ខែវិច្ឆិកា 2022 ការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក សម្រេចបាន 101 ពាន់លានដុល្លារ កើន 17.7% (ស្មើនឹង 15.2 ពាន់លានដុល្លារ) ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង។
ចំណែកការនាំចូលទំនិញពីប្រទេសចិនវិញ សម្រេចបាន 109.46 ពាន់លានដុល្លារ កើន 10% (ស្មើនឹង 9.93 ពាន់លានដុល្លារ)។ ដូច្នេះ ការនាំចេញទំនិញទៅកាន់ សហរដ្ឋអាម៉េរិក និងនាំចូលទំនិញពី ប្រទេសចិន ក្នុង 11 ខែកន្លងក្នុងឆ្នាំ 2022 សុទ្ធតែលើសពី 100 ពាន់លានដុល្លារ ដែលនេះគឺជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមកសម្រាប់ វៀតណាម៕