បើទោះជាត្រូវបានសហព័ន្ធបាល់ទាត់បារាំង (FFF) អញ្ជើញ ប៉ុន្តែ ខ្សែប្រយុទ្ធ Karim Benzema នៅតែបដិសេធការត្រលប់ទៅកាន់ កាតា ដើម្បីចូលរួមប្រកួតទល់នឹង អាហ្សង់ទីន។
របួសរបស់ Benzema បានជាសះស្បើយ និងត្រលប់ទៅហ្វឹកហាត់ជាមួយ Real ចាប់តាំងពីចុងសប្ដាហ៍កន្លង។ យោងតាមទំព័រ Mundo Deportivo (អេស្ប៉ាញ) FFF បានពិចារណាដល់លទ្ធភាពនាំយកខ្សែប្រយុទ្ធវ័យ 34 ឆ្នាំនេះត្រលប់ទៅកាន់ កាតា វិញ និងអនុញ្ញាតឱ្យទាត់ក្នុងនាមជាកីឡាករជម្រើសដំបូងដែលត្រូវប៉ះនឹង អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្ររបស់ World Cup 2022។
ចំណែកភាគី Real ក៏បានត្រៀមរួចរាល់ដើម្បីឱ្យ Benzema ហោះទៅកាន់ កាតា បើសិនត្រូវបានហៅត្រលប់ទៅវិញ។ អំពីទ្រឹស្ដី Benzema នៅតែអាចចូលរួមការប្រកួតបិទបញ្ចប់ World Cup 2022 ព្រោះថា គាត់នៅមានឈ្មោះក្នុងបញ្ជីរបស់ FIFA។
ពេលត្រូវបានសួរអំពីព័ត៌មានខាងលើ បន្ទាប់ពីការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលបានឈ្នះ ម៉ារ៉ុក 2-0 កាលពីយប់ថ្ងៃទី 14 ធ្នូ អ្នកគ្រប់គ្រងក្រុមជម្រើសជាតិបារាំង Deschamps ដកដង្ហើមវែង គ្រវីក្បាលបដិសេធការឆ្លើយតប និងស្នើឱ្យសួរសំណួរផ្សេង។ មុនវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លោក Deschamps ក៏បានអះអាងថា «ខ្ញុំយកចិត្តទុកដាក់ទៅលើតែកីឡាករដែលមានឈ្មោះក្នុងបញ្ជីកំពុងប្រកួតប៉ុណ្ណោះ»។
យោងតាម Relevo ដែលជាទំព័រសារព័ត៌មានកីឡានៅ ម៉ាឌ្រីដ Benzema មិនពេញចិត្ត មានអារម្មណ៍ថាត្រូវ «រងរបួស» ព្រោះតែការខ្វះការយោកយល់ និងការអធិប្បាយប្រកបដោយភាពសោះអង្គើយរបស់ Deschamps។ ដូច្នេះហើយ Benzema ក៏មិនមានបំណងត្រលប់ទៅកាន់ កាតា សូម្បីតែនៅពេលត្រូវបានគ្រូបង្វឹកកោះហៅ។
Benzema រងរបួស និងត្រូវខកខានការហ្វឹកហាត់នៅ កាតា កាលពីថ្ងៃទី 19 វិច្ឆិកា។ ក្នុងថ្ងៃដដែល សម្ព័ន្ធបាល់ទាត់បារាំង ក៏បានបញ្ជាក់ពីការលុបឈ្មោះ Benzema ពីបញ្ជីឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតនៅ World Cup 2022។ Benzema គិតថា ការសម្រេចចិត្តរបស់ Deschamps គឺ «លឿនពេក» ព្រោះថា គាត់អាចជាសះស្បើយមុនពេល World Cup 2022 បានបញ្ចប់៕