ក្រុមហ៊ុនអប់រំ MJQ Education ដែលមានសាលាចំនួន 15 សាខា ត្រៀមខ្លួនឡើងផ្សារហ៊ុន នៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ 2023 នេះបើតាម អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ថ្លែងនៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុនដឹកជញ្ជូន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក នៅព្រឹកថ្ងៃទី 15 ធ្នូ 2022។
អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន (MJQ Education) បានប្រកាលពីកាលបរិច្ឆេទនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នេះ បន្ទាប់ពីបានប្រកាសត្រៀមយកសាលាឡើងផ្សារហ៊ុនកាលពីពេលកន្លងទៅថ្មីៗនេះ។
«ការឡើងទីផ្សារហ៊ុននេះនឹងចាប់ផ្ដើមនៅចុងខែ 3 និងដើមខែ 4 ហើយនឹងចាប់ផ្ដើមប្រកាសលក់ ហើយនិងផ្សព្វផ្សាយពីខែ 1 ទៅ» អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ថ្លែងដូច្នេះ និងបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុនហ៊ុនត្រូវការថវិកាដើម្បីពង្រីកសាខាសាលាទៅតាមខេត្ដ និងតំបន់ដាច់ស្រយាល។
អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ក៏បានបង្ហើបឱ្យដឹងថា អនាគតក្រុមហ៊ុន MJQ Education នឹងពង្រីកសាលាឱ្យបានយ៉ាងតិច 160 សាខានៅទូទាំងប្រទេស៕