លោក Jurgen Klopp បានបញ្ជាក់ថា វាពិតជារឿងដ៏ល្អណាស់ក្នុងការបង្កើតប្រវត្តិសាស្ត្រ ក្រោយពីក្រុមហង្សក្រហម Liverpool របស់លោកបានលត់ក្រុម Maribor របស់ស្លូវេនី យ៉ាងចាស់ដៃ ដើម្បីកត់ត្រាជ័យជម្នះក្រៅទឹកដីដ៏ធំបំផុតរបស់ក្រុមអង់គ្លេសមួយនេះ ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌកំពូលអឺរ៉ុប។
ខ្សែប្រយុទ្ធ Roberto Firmino និង Mohamed Salah សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី2គ្រាប់ដូចគ្នា ដើម្បីជួយឲ្យក្រុមរបស់ខ្លួនលត់ក្រុម Maribor យ៉ាងចាស់ដៃក្នុងលទ្ធផល 7-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារម្សិលមិញ។ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើក្នុងការប្រកួតបើកឆាកទាំងពីរលើករបស់ពួកគេ និងការធ្លាក់ចុះទម្រង់លេងក្នុងក្របខ័ណ្ឌ Premier League ក្រុម Liverpool បានធ្វើដំណើរទៅកាន់ប្រទេសស្លូវេនី ជាមួយនឹងការរិះគន់ជាច្រើនទាក់ទងនឹងការទិញចូលកីឡាករថ្មីរបស់លោក Klopp និងបច្ចេកទេសរៀបចំក្រុមរបស់លោក។
ជ័យជម្នះនេះ បានបំបែកកំណត់ត្រានៃការឈ្នះក្រៅទឹកដី 6-០ របស់ក្រុម Leeds United លើក្រុមន័រវែស Lyn កាលពីខែតុលា ឆ្នាំ1969 និងក្រុម Manchester United លើក្រុមអៀរឡង់ Shamrock Rovers កាលពីខែកញ្ញា ឆ្នាំ1957។ លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំត្រូវបានគេបញ្ជាក់ប្រាប់ពីកំណត់ត្រានេះ បន្ទាប់ពីចប់ការប្រកួត ហើយខ្ញុំមិនបានដឹងមុនឡើយ។ ប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃក្លិបនេះ អាចរំឭកដល់រឿងរ៉ាវចាស់ៗ ហេតុនេះ វាពិតជាល្អណាស់ក្នុងការបង្កើតប្រវត្តិសាស្ត្រដ៏ល្អមួយរបស់យើង»។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី1គ្រាប់ពីចំណុច11ម៉ែត្រ ប៉ុន្តែក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ប៉ុណ្ណោះនៅលើទឹកដីខ្លួនឯងពេលជួបក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។ ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Raphael Varane បានជួយឲ្យក្រុមមាន់ខ្នាយមាស Spurs មានគ្រាប់បាល់នាំមុខនៅនាទីទី28 នាកីឡដ្ឋាន Bernabeu ប៉ុន្តែ Ronaldo បានស៊ុតបាល់ប៉េណាល់ទីចូលទីយ៉ាងល្អនៅជិតបញ្ចប់តង់ទី1 ក្រោយពីមានការប្រព្រឹត្តកំហុសរបស់ខ្សែការពារ Spurs ទៅលើខ្សែបម្រើ Toni Kroos៕
ប្រភពពី៖ BBC