(ភ្នំពេញ)- ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 15 ត្រូវបានសម្ពោធបើកទទួលភ្ញៀវឡើងវិញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោយការផ្អាក 2 ឆ្នាំ ដោយសារជំងឺរាតត្បាត។
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី 15 នេះ នឹងធ្វើឡើងក្នុងរយៈពេល 4 ថ្ងៃ រាប់ចាប់ពីថ្ងៃទី 15 ដល់ 18 ធ្នូ 2022 នេះបើតាមក្រុមអ្នករៀបចំកម្មវិធី។ ពិព័រណ៍នេះមានស្តង់សរុបចំនួន 268 ស្តង់ ដែលមានដូចជា ស្តង់របស់ សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងក្រុមហ៊ុនមកពីបរទេស និងស្ដង់របស់អាជ្ញាធរកម្ពុជាជាដើម។
ក្នុងពិព័រណ៍នេះមានការចូលរួមតាំងបង្ហាញរបស់ស្ថាប័នមកពីប្រទេសមួយចំនួន មានដូចជា ប្រទេសថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីតាលី តួកគី និងសហរដ្ឋអាម៉េរិក ផងដែរ។
យោងតាមអ្នករៀបចំពិព័រណ៍ បណ្ដាផលិតដែលដាក់តាំងបង្ហាញក្នុងឱកាសនេះគឺផ្ដោតសំខាន់ទៅលើផលិតផលកសិកម្ម មានដូចជាបន្លែ ផ្លែឈើ ផលិតផលកែច្នៃពីកសិផល ម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជាគ្រឿងអលង្ការ និងគ្រឿងសំអាងជាដើម។ល។