លោក Walid Regragui សង្ឃឹមថា បារាំង ដណ្ដើមបានជោគជ័យនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឱ្យ ម៉ារ៉ុក អាចមានមោទកភាព ព្រោះចាញ់តែម្ចាស់ពានជើងឯក World Cup 2022។
«ខ្ញុំជូនពរប្រទេសបារាំង។ យើងនឹងគាំទ្រពួកគេ» លោក Regragui ដែលជាជនជាតិម៉ារ៉ុក កើតនៅ ប្រទេសបារាំង ប៉ុន្តែក្រោយមកក៏បានលេង និងដឹកនាំក្រុមជម្រើសជាតិរបស់ ម៉ារ៉ុក ថ្លែងដូច្នេះ បន្ទាប់ពីការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី 14 ធ្នូ។
លោក Regragui បន្ថែមថា «យើងចង់ឱ្យ បារាំង ដណ្ដើមបានជោគជ័យនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីអាចនិយាយបានថា យើងខ្ញុំចាញ់តែម្ចាស់ជើងឯកពិភពលោក។ ប្រការនោះអាចនឹងល្អសម្រាប់ពួកយើង»។
នៅវគ្គផ្ដាច់ព្រ័ត្រ បារាំង នឹងត្រូវប៉ះ អាហ្សង់ទីន នៅយប់ថ្ងៃទី 18 ធ្នូ។ ចំណែក ម៉ារ៉ុក នឹងត្រូវជួប ក្រូអាត ក្នុងការប្រកួតដណ្ដើមពានរង្វាន់លេខ 3 មុននោះមួយថ្ងៃ។ យោងតាមលោក Regragui ឱកាសសម្រាប់ក្រុមទាំងពីរនេះគឺ 50-50។ «បើសិនជា បារាំង ឈ្នះការប្រកួតផ្ដាច់ព្រ័ត្រម្ដងទៀត នោះនឹងជាជ័យជម្នះពីរលើកផ្ទួនៗក្នុងប្រវត្តិសាស្ត្រ។ ពួកគេគឺក្រុមជម្រើសជាតិឆ្នើមបំផុតលើពិភពលោកក្នុងរយៈពេលច្រើនឆ្នាំកន្លង» លោក Regragui អះអាងដូច្នេះ។
ក្នុងប្រវត្តិសាស្ត្រ មានតែ អ៊ីតាលី (ឆ្នាំ 1934, 1938) និង ប្រេស៊ីល (ឆ្នាំ 1958, 1962) ប៉ុណ្ណោះ ដែលជាក្រុមជម្រើសជាតិដណ្ដើមបានពាន់រង្វាន់ជើងឯក 2 លើកបន្តបន្ទាប់៕