Skip to content

(World Cup 2022)- រកឃើញ​មូលហេតុ​ដែល​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

ដោយសារ​តែមាន​កម្លាំង​ពី​ពលរដ្ឋ​នៅ​បរទេស ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក បាន និង​កំពុងតែ​មានអំណាច​ខ្លាំង​នៅ World Cup 2022។

យោងតាម​ស្ថិតិ​របស់ Guardian កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ចំនួន 14 នាក់ ក្នុងចំណោម 26 នាក់ គឺជា​ពលរដ្ឋ​កើត​នៅ​បរទេស។ ពួកគេ​គឺជា​កូនចៅ​របស់​គ្រួសារ​ជនជាតិ​ម៉ា​រ៉ុ​ក ដែល​ទៅ​រស់​នៅឯ​ប្រទេស​ដទៃ។ ក្នុងចំណោម​កីឡាករ​ជម្រើសជាតិ​ម៉ា​រ៉ុ​ក 14 នាក់​ដែល​កើត​នៅ​បរទេស មាន 4 នាក់​កើត​នៅ ហូ​ឡង់, 4 នាក់​កើត​នៅ បែលហ្ស៊ិក, 2 នាក់​កើត​នៅ បារាំង, 2 នាក់​កើត​នៅ អេ​ស្ប៉ា​ញ, 1 នាក់​កើត​នៅ អ៊ីតាលី និង 1 នាក់​កើត​នៅ កាណាដា។

កីឡាករ​ភាគច្រើន​ក្នុងចំណោម 14 នាក់​ខាងលើ កំពុង​លេង​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង (មិនមែន​បម្រុង) ដែល​នេះ​បាន និង​កំពុង​ជួយ​ឱ្យ ម៉ា​រ៉ុ​ក ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ ក្នុងការ​ប្រកួត​ដែល​បាន​ជម្រុះ អេ​ស្ប៉ា​ញ នៅ​វគ្គ 1/8 ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក បាន​បញ្ចេញ «កីឡាករ​អានិកជន» រហូតដល់ 8 នាក់ ដែល​ទាត់​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង ក្នុងនោះ​មាន​ទាំង​អ្នកចាំទី​ផងដែរ។

ប្រធាន​ក្រុម​គ្រូបង្វឹក​របស់ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​រ៉ុ​ក លោក Walid Regragui ក៏​ជា «អានិកជន​ម៉ា​រ៉ុ​កនៅ​បរទេស»។ លោក Walid កើត​នៅ Corbeil-Essonnes ជា​តំបន់​ជាយក្រុង​បារី​ស ប្រទេស​បារាំង៕

ការប្រកួត​ចុងក្រោយ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 រវាង បារាំង និង ម៉ា​រ៉ុ​ក នឹង​ចាប់ផ្ដើម​នៅ​ម៉ោង 02 ទៀបភ្លឺ ថ្ងៃទី 15 ធ្នូ 2022 (យប់​នេះ)។ មួយ​ក្នុងចំណោម 2 ក្រុម​នេះ​នឹងត្រូវ​ឡើងទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន ដែល​កំពុង​រង់ចាំ​ជាស្រេច៕

Leave a Reply

Your email address will not be published. Required fields are marked *