គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ មកដល់បច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលទីពីរនៃការសិក្សាសមិទ្ធិលទ្ធភាព នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំស្ដីពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលត្រូវបានធ្វើឡើងនាថ្ងៃទី 14 ធ្នូ នៅទីស្ដីការក្រសួងសាធារណការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានធ្វើឡើងក្នុងបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងលទ្ធផលមួយចំនួនដែលក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd សម្រេចបាននាពេលកន្លង និងដើម្បីពិនិត្យផែនការសកម្មភាពសម្រាប់ជំហានបន្ទាប់។
យោងតាម ក្រសួងសាធារណការ គិតមកដល់ពេលនេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទីពីរនៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាព ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី 08 មេសា 2022។ តាមផែនការ គម្រោងសិក្សាលម្អិតនេះ គ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់នៅដំណាច់ខែមករា 2023។
ក្រសួងបានឱ្យដឹងថា នៅពេលត្រូវបានដាក់ឱ្យដំណើរការ គម្រោងនេះ នឹងជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងមានគុណភាពជាងមុន ក៏ដូចជាកាត់បន្ថយសម្ពាធនៃការដឹកជញ្ជូនតាមផ្លូវថ្នល់ និងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិ៕