សាររបស់កីឡាការិនីខ្សែប្រយុទ្ធ Ana Maria Markovic ដែលបានបង្ហោះលើបណ្ដាញសង្គមដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិក្រូអាត បន្ទាប់ពីចាញ់ អាហ្សង់ទីន 0-3 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ World Cup 2022 កំពុងតែទាក់ទាញចំណាប់អារម្មណ៍លើ Instagram។
ថ្វីបើកំពុងសម្រាកលំហែកាយនៅ ម៉ិកស៊ិក ប៉ុន្តែ Ana Maria Markovic ដែលត្រូវបានគេដាក់រហ័សនាមថា កីឡាការិនីស្អាតបំផុតលើពិភពលោក នៅតែតាមដានសកម្មភាពរបស់ក្រុមជម្រើសជាតិក្រូអាត នៅ World Cup។
ក្រោយពីក្រុមជម្រើសជាតិក្រូអាត របស់នាងបានចាញ់ អាហ្សង់ទីន 0-3 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី 13 ធ្នូ កីឡាការិនីខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះ បានបង្ហោះរូបថតដែលនាងស្ថិតក្នុងឈុតសម្លៀកបំពាក់របស់ក្រុមជម្រើសជាតិក្រូអាត អមនឹងខ្លឹមសារថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានមោទកភាពចំពោះបង» រួមនឹងរូបបេះដូង និងឈ្មោះសរសេរកាត់របស់ ក្រុមជម្រើសជាតិក្រូអាត នៅលើ Instagram។
ក្រោយការបង្ហោះបាន 9 ម៉ោង សារខាងលើរបស់ Markovic ក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនលើ Instagram ដោយទទួលបានមេដៃជិត 333,000 លើក និងមតិជិត 3,500 លើក។
Markovic មានម្ដាយជាជនជាតិក្រូអាត និងបានចាប់កំណើតនៅ Split ដែលជាទីក្រុងធំជាងគេលំដាប់ទីពីររបស់ ក្រូអាត។ នាងរួមនឹងគ្រួសារបានរើទៅរស់នៅក្នុង ប្រទេសស្វ៊ីស ពេលនាងមានអាយុ 12 ឆ្នាំ។
Markovic ចាប់ផ្ដើមលេងបាល់ពីអាយុ 14 ឆ្នាំ និងបានក្លាយជាកីឡាការិនីខ្សែប្រយុទ្ធ ដែលធ្លាប់រកបាល់បាន 7 គ្រាប់នៅក្នុង 26 ប្រកួត ជូនក្រុម U21 FC Zurich អំឡុងឆ្នាំ 2017 ដល់ 2019។ ក្រោយពីទៅចូលរួមជាមួយក្រុម Grasshopper Zurich ឆ្នាំ 2020 នាងក៏រកបាន 15 គ្រាប់ក្នុង 55 ប្រកួត ហើយត្រូវបានជ្រើសរើសជាក្រុមជម្រើសជាតិរបស់ ក្រូអាត កាលពីឆ្នាំ 2021៕