គម្រោងផ្លូវគមនាគមន៍ឆ្លងកាត់សមុទ្រ Shenzhen-Zhongshan ក្នុងខេត្ត Guangdong ក៏មានផ្លូវរូងដែលមានសម្បកធ្វើអំពីដែកថែបប្រវែង 6.8 គីឡូម៉ែត្រ និងតភ្ជាប់គ្នាដោយបំពង់ផ្លូវក្រោមទឹកចំនួន 32 កំណាត់។
ការសាងសង់ស្រទាប់ធ្វើអំពីដែកថែបរបស់ផ្លូវរូងខ្នាតធំក្រោមសមុទ្រនៅ ភាគខាងត្បូងប្រទេសចិន បានរួចរាល់ជាស្ថាពរហើយ នេះបើតាមក្រុមហ៊ុនផ្សព្វផ្សាយ Guangdong ចុះផ្សាយកាលពីថ្ងៃទី 12 ធ្នូ។
ផ្លូវរូងក្រោមសមុទ្រដែលតភ្ជាប់គ្នាដោយបំពង់ផ្លូវក្រោមទឹកចំនួន 32 កំណាត់នេះគឺជាផ្នែកមួយនៃគម្រោងផ្លូវគមនាគមន៍ឆ្លងកាត់សមុទ្រ Shenzhen-Zhongshan។ ផ្លូវដែលមានប្រវែងសរុប 24 គីឡូម៉ែត្រនេះ តភ្ជាប់ទីក្រុង Shenzhen និង Zhongshan របស់ខេត្ត Guangdong។ គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់តំបន់មហាឈូងសមុទ្រ Guangdong-Hongkong-Macao។
គម្រោងខាងលើនេះរួមមាន ផ្លូវរូងក្រោមទឹកប្រវែង 6.8 គីឡូម៉ែត្រ និងកោះសិប្បនិម្មិតចំនួនពីរ។ ផ្លូវក្រោមទឹកនេះគឺជាផ្លូវរូងសម្បកដែកថែបក្រោមសមុទ្រដែលមានទទឹងធំជាងគេបង្អស់លើពិភពលោក ដោយមាន 8 គន្លងសម្រាប់រថយន្ត។
តាមផែនការ ផ្លូវរូងឆ្លងកាត់សមុទ្រ Shenzhen-Zhongshan នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ 2024។ វានឹងកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាងទីក្រុង Shenzhen និង Zhongshan ពី 2 ម៉ោង មកនៅត្រឹម 30 នាទី៕