រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលពីម្សិលមិញបានលើកឡើងអំពីបណ្ដាគម្រោងធំៗ ដែលបាន និងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពី ជប៉ុន ក្នុងមួយរយៈពេលថ្មីៗនេះ នេះបើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្ដីការក្រសួង កាលពីថ្ងៃទី 13 ធ្នូ បានអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
នៅក្នុងជំនួបនេះ ក្រោយពីបានថ្លែងអំណរគុណដល់ភាគីជប៉ុន រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា ក៏បានលើកឡើងអំពីគម្រោងធំៗមួយចំនួនដែលបាន និងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ក្នុងរយៈពេលថ្មីៗនេះផងដែរ។
យោងតាម រដ្ឋមន្ត្រីក្រសួងសាធារណការ គម្រោងធំៗខាងលើរួមមានដូចជា «គម្រោងស្ថាបនា និងលើកកម្ពស់ផ្លូវជាតិលេខ 5», គម្រោងពង្រីកវិសាលភាពកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ Port EDI», «គម្រោងសិក្សារៀបចំផែនការមេភស្តុភារកម្ម ការផ្តល់ជំនួយគ្រឿងចក្រផ្សេងៗ សម្រាប់ការជួសជុលថែទាំផ្លូវថ្នល់» ជាដើម។ល។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានថ្លែងអំណរគុណចំពោះ កម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ ហើយ ឯកឧត្តម សូមចូលរួមអបអរយ៉ាងក្រៃលែង ចំពោះភាពជោគជ័យដ៏ធំធេង ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកាកន្លងទៅផងដែរ។
ឯកអគ្គរាជទូតជប៉ុន ក៏បានជម្រាបដែរថា បើទោះជាមិនបានបន្តការងារនៅ កម្ពុជា ក៏ដោយ ក៏ឯកឧត្តម នៅតែបន្តចូលរួមគាំទ្រការអភិវឌ្ឍនៅទីនេះ៕