នៅពីក្រោយមនុស្សជោគជ័យជាច្រើននៅលើពិភពលោកយើងនេះ ភាគច្រើនគេរកឃើញថា អ្នកទាំងនោះជាមនុស្សដ៏សាមញ្ញ ឬជាមនុស្សដែលមានលក្ខណៈពិសេសម្យ៉ាងដែលជាកម្លាំងជំរុញមនុស្សជាច្រើនឱ្យមានកម្លាំងចិត្តសម្រាប់ជម្នះឧបសគ្គរហូតទទួលបានជោគជ័យ។
លោក Mario Ferro នាយកប្រតិបត្តិនៃអង្គការ Wedu បានលើកឡើងថា ការដែលមនុស្សណាម្នាក់គួរមាននិមិត្តរូប ឬអ្នកប្រឹក្សាយោបល់ (mentor) ពាក់ព័ន្ធនឹងការសិក្សា ការងារ ការធ្វើអាជីវកម្ម ឬគំរូនៃការរស់នៅនោះ អាចធ្វើឱ្យគាត់មើលឃើញកាន់តែច្បាស់ពីគោលដៅនៃជីវិតរបស់គាត់។ នៅពេលដែលអ្នកណាម្នាក់ចង់បានជីវិត ឬឧត្តមភាពស្មើនឹងបុគ្គលម្នាក់ដែលគាត់គិតថាចង់យកធ្វើជាគំរូនោះ គាត់នឹងព្យាយាមទៅក្បែមនុស្សនោះ ហើយសង្កេតមើលគ្រប់សកម្មភាព រួមទាំងសួរយោបល់ដើម្បីដើរលើផ្លូវដូចដែលមនុស្សម្នាក់នោះធ្លាប់ដើរដោយជោគជ័យ និងសុភមង្គល។ ចំណុចនេះអាចនឹងជំរុញគាត់ឱ្យខិតខំប្រឹងប្រែងដើរលើផ្លូវមួយប្រកបដោយថាមពល និងកម្លាំងជំរុញខ្លាំងដែរ។
លោក Mario Ferro បាននិយាយថា៖ « ការជ្រើសរើសយកអ្នកណាម្នាក់ធ្វើជាគំរូ (mentor) ជាវិធីលើកទឹកចិត្ត និងអប់រំមួយបែបដែលជំរុញឱ្យខ្លួនឯងក្លាយជាមនុស្សដែលក្លាហាន ក្នុងការដោះស្រាយលើបញ្ហានានាក្នុងជីវិតឆ្ពោះទៅរកគោលដៅប្រកបដោយថាមពល»។
ស្រដៀងគ្នានេះដែរ លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកានៃក្រុមហ៊ុនឌីហ្វើនីឈ័របានថ្លែងនៅក្នុងវេទិកាស្តីពីភាពជាអ្នកដឹកនាំថា ការដែលយើងយកអ្នកណាម្នាក់ធ្វើជាគំរូ គឺចំណេញច្រើនណាស់សម្រាប់យើងម្នាក់ៗ ព្រោះថា មនុស្សទាំងអស់ដែលយើងគោរព និងចង់ធ្វើតាមនោះ អាចជាគ្រូ ឬជាអ្នកជំរុញទឹកចិត្តខ្លាំង។ យោបល់ និងគំនិតល្អៗដែលគេធ្លាប់មានទាំងអស់នោះ នឹងក្លាយជាអាវុធសម្រាប់ត្រួសត្រាយឧបសគ្គលើដំណើរផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យបាន។
លោកជំទាវ តាំង ហ្គិចលៀង បាននិយាយថា៖ «បើសិនចង់ក្លាយជាមនុស្សពូកែ យើងត្រូវទៅជិតមនុស្សពូកែ ហើយយកកូនសោរនៃភាពជោគជ័យរបស់គេយកមកដាក់ក្នុងខ្លួនយើងឱ្យបាន»។
សហគ្រិនខាងលើបានលើកឡើងផងដែរថា មនុស្សម្នាក់ៗមានគំនិត និងគន្លឹះរៀងៗខ្លួនដើម្បីទទួលបានជោគជ័យ ហេតុនេះការដែលយើងសាកសួរ ឬព្យាយាមគ្រប់លទ្ធភាពដើម្បីស្វែងយល់ និងរៀនតាមគន្លឹះសំខាន់ៗទាំងអស់នោះ វានឹងធ្វើឱ្យយើងម្នាក់ៗកាន់តែខ្លាំងឡើង៕