Lionel Messi រួមចំណែកបាន 1 គ្រាប់ និងបង្កើតឱកាសស៊ុតបញ្ចូលទីបាន 1 គ្រាប់ ខណៈដែល Julian Alvarez រកបាន 2 គ្រាប់ ជួយឱ្យ អាហ្សង់ទីន ឈ្នះ ក្រូអាត 3-0 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ World Cup 2022 កាលពីយប់ថ្ងៃទី 13 ធ្នូ។
នៅមុនការប្រកួតប្រវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Josko Gvardiol ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាខ្សែការពារកណ្ដាលឆ្នើមបំផុតរបស់ ក្រូអាត ក៏ដូចជានៅ World Cup 2022។ ប៉ុន្តែ នៅពេលប្រឈមនឹង Messi នៅនាទីទី 69 កីឡាករឆ្នើមរបស់ ក្រូអាត ក៏ត្រូវចាញ់រហូតដល់ 3 ដងនៅស្លាបខាងស្ដាំ មុនពេលអស់ខ្យល់ និងបណ្ដោយឱ្យកំពូលតារាបាល់ទាត់អាហ្សង់ទីន បណ្ដើរបាល់ទៅកាន់តំបន់គ្រោះថ្នាក់ ហើយបញ្ជូនទៅឱ្យ Julian Alvarez ស៊ុតបញ្ចូលទីបានសម្រេច នាំឱ្យ ក្រូអាត ត្រូវចាញ់ អាហ្សង់ទីន 3-0។
Josko Gvardiol មានវ័យទើបតែ 20 ឆ្នាំ ចំណែក Messi អាយុ 35 ឆ្នាំ។ អាយុរបស់ពួកគេហាក់បានបញ្ច្រាសត្រឡប់គ្នានៅក្នុងឈុតបង្កឱកាសក្នុងការស៊ុតផ្ដាច់ខាងលើ។ Messi ពេលនោះ ប្រៀបដូចជាកំលោះដែលមានកម្លាំងខ្លាំង និងពោរពេញដោយមហិច្ឆតា ខណៈដែល Gvardiol បាត់បង់សមត្ថភាពរហូតដល់អស់សង្ឃឹមនៅពេលត្រូវប្រឈមនឹងម្ចាស់គ្រាប់បាល់មាសចំនួន 7 របស់ អាហ្សង់ទីន។
នេះគឺជាលើកទីបីហើយនៅ World Cup 2022 ដែល Messi រកបានគ្រាប់បាល់ផង និងបង្កឱកាសផងនៅក្នុងមួយប្រកួត។ Messi បង្កើតកំណត់ត្រា 4 លើកស្ដីពីប្រការខាងលើនេះនៅក្នុងប្រវត្តិសាស្ត្រ World Cup។
មិនត្រឹមតែ Messi នោះទេ អាហ្សង់ទីន នៅមានអ្នកខ្លាំងមួយរូបទៀតនៅក្នុងការប្រកួតជាមួយនឹង ក្រូអាត កាលពីយប់មិញ។ Julian Alvarez ដែលជាអ្នកគាំទ្រ Messi តាំងតែពីតូច ក៏រកបាន 2 គ្រាប់នៅក្នុងការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះ ក៏រកបានបាល់ពិន័យប៉េណាំងទី ដើម្បីឱ្យ Messi ស៊ុតប៉ើងសំណាញ់របស់ ក្រុមក្រូអាត។
អាហ្សង់ទីន នៅមានឱកាសច្រើនទៀតដើម្បីឈ្នះ ប៉ុន្តែ លទ្ធផល 3-0 ក៏គ្រប់គ្រាន់សម្រាប់ Messi និងក្រុមរបស់គាត់៕