ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរដល់អ្នកវិនិយោគ ក៍ដូចជាភ្ញៀវទេសចរ រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង នៅព្រឹកថ្ងៃទី17 ខែតុលា ឆ្នាំ2017នេះប្រមុខការទូតកម្ពុជាឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយប្រមុខការទូតនៃប្រទេសសិង្ហបុរីឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ។
នៅក្នុងជំនួបដ៏កម្រនៅទីស្តីការក្រសួងការបរទេសកម្ពុជា ប្រមុខការបរទេសទាំងពីរបានពិភាក្សា និងយល់ស្របក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនមានដូចជា ពាណិជ្ជកម្ម ការវិនិយោគ អប់រំ និងការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ពលកម្ម ការតភ្ជាប់ផ្លូវអាកាស និងការថែទាំសុខភាព។
បន្ទាប់ពីបានពិភាក្សាយ៉ាងស៊ីជម្រៅពេញមួយព្រឹករួចមក ប្រមុខការទូតទាំងពីរប្រទេស បានឯកភាពគ្នាក្នុងការពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើង ពិសេសនឹងជំរុញឱ្យវិនិយោគិនសិង្ហបុរីចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សស្នាន បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ។
គួររំឭកដែរថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ1965មក ប្រទេសទាំងពីមានកិច្ចសហប្រតិបត្តិការល្អប្រសើរតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងកំណើនពាណិជ្ជកម្មទៅវិញទៅមកគួរឱ្យកត់សម្គាល់ទាំងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់៕