សហស្ថាបនិករបស់ក្រុមហ៊ុន Xiaomi លោក Lei Jun បានចាត់ទុក iPhone ជាស្ដង់ដារបស់វិស័យបច្ចេកវិទ្យាទូរស័ព្ទ និងប្ដេជ្ញាចិត្តប្រកួតប្រជែងជាមួយនឹងផលិតផលរបស់ Apple។
«មិនថាជាផ្នែកទន់ ឬផ្នែករឹង យើងចាត់ទុក iPhone ជាស្ដង់ដា» លោក Lei Jun ថ្លែងដូច្នេះនៅក្នុងព្រឹត្តិការណ៍បង្ហាញ Xiaomi 13 Pro កាលពីចុងសប្ដាហ៍កន្លង។ សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xiaomi រូបនេះក៏បានអះអាងថា គំនិតនេះគឺជា «ចំណុចចាប់ផ្ដើម ហើយតាមរយៈនេះយើងអាចមានឱកាសដើម្បីយកឈ្នះ iPhone នាពេលអនាគត»។
យោងតាម SCMP ក្រៅពីការចាត់ទុក iPhone ជាស្ដង់ដា ក្រុមហ៊ុនចិនមួយនេះក៏បានចាត់ទុក Apple ជាគូប្រជែងផងដែរ។ នៅក្នុងព្រឹត្តិការណ៍ខាងលើ លោក Jun បានសន្យាថា «នឹងធ្វើចិត្តឱ្យក្លាហាន និងប្ដេជ្ញាចិត្ត» ដើម្បីធ្វើសង្គ្រាមជាមួយនឹងបណ្ដាម៉ូដែល iPhone របស់ Apple។
Xiaomi 13 និង 13 Pro គឺជាម៉ូដែលស្មាតហ្វូនថ្មីក្នុងត្រកូលលំដាប់ខ្ពស់របស់ក្រុមហ៊ុនចិន និងមានតម្លៃបន្តបន្ទាប់គឺ 3,999 យន់ និង 4,999 យន់។ ផលិតផលទាំងនេះមានតម្លៃទាបជាងធៀបនឹង iPhone 14 ដែលមានតម្លៃចាប់ពី 5,999 យន់ នៅប្រទេសចិន។
ក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីនេះ Xiaomi ក៏បានណែនាំពីនាឡិកាឆ្លាតវៃ Watch S2 និងកាសគ្មានខ្សែ Buds 4 ផងដែរ៕