អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញ Luis Enrique ចង់ឃើញ Lionel Messi បញ្ចប់អាជីពដែលឡើងដល់កម្រិតកំពូលរបស់ខ្លួនដោយនាមជាជើងឯក World Cup 2022 ជាមួយនឹង អាហ្សង់ទីន។
«នៅពេល អេស្ប៉ាញ មិនអាចបន្តដំណើរទៅមុខ ខ្ញុំចង់ឱ្យ អាហ្សង់ទីន ក្លាយជាជើងឯក World Cup ព្រោះថា Lionel Messi ស័ក្ដិសមនឹងទទួលបាន» គ្រូបង្វឹក Enrique ថ្លែងនៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី 12 ធ្នូដូច្នេះ។
«មេទ័ព» វ័យ 52 ឆ្នាំរូបនេះធ្លាប់បាននិយាយដល់ប្រការនេះនៅមុន World Cup ចាប់ផ្ដើមការប្រកួតនៅ កាតា។ ក្រុមអេស្ប៉ាញ របស់ Enrique បានចាញ់នៅវគ្គ 1/8 ក្រោមថ្វីជើងរបស់ ក្រុមម៉ារ៉ុក ខណៈដែល អាហ្សង់ទីន ប៉ះ ក្រូអាត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាវេលាម៉ោង 2 ថ្ងៃទី 14 ធ្នូខាងមុខ។
«ជាមួយនឹងអ្វីដែល Messi បានរួមចំណែកក្នុងពិភពបាល់ទាត់ នឹងមិនយុត្តិធម៌ឡើយបើសិនគាត់ព្យួរស្បែកជើងដោយមិនទាន់មានតំណែងជើងឯក World Cup» គ្រូបង្វឹក Enrique បន្ថែមដូច្នេះ។ យោងតាមអតីតខ្សែបម្រើរបស់ Barca កីឡាករ Messi នៅតែមានកម្លាំង និងចំណូលចិត្តគ្រប់គ្រាន់ដើម្បីប្រកួតសម្រាប់ អាហ្សង់ទីន នៅក្នុងការប្រកួតដែលនៅសល់របស់ World Cup លើកនេះ។
លោក Enrique ធ្លាប់បានដឹកនាំ Messi កាលពីលេងឱ្យ Barca ក្នុងអំឡុងពីឆ្នាំ 2014 ដល់ 2017។ ពួកគេរួមគ្នាដណ្ដើមបានពានរង្វាន់ពីរនៅ La Liga, 3 ពានរង្វាន់នៅ Copa del Rey, 1 ពាន់រង្វាន់នៅ Champions League និង 1 ពាន់រង្វាន់នៅ FIFA Club World Cup។ ក្រោយមក គ្រូបង្វឹក Enrique បានដឹកនាំក្រុមអេស្ប៉ាញ ប៉ុន្តែមិនទាន់ដណ្ដើមបានពានរង្វាន់ណាមួយ។ លោក Enrique ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បញ្ចប់កិច្ចសន្យាកាលពីថ្ងៃទី 07 ធ្នូ ក្រោយពីត្រូវបានជម្រុះនៅ World Cup 2022។
Messi កំពុងលេងនៅ World Cup ក្នុងរដូវកាលទី 5 ហើយនេះក៏អាចជារដូវកាលចុងក្រោយនៃអាជីពរបស់គាត់។ នៅ World Cup 2022 គិតត្រឹមពេលនេះ Messi រកបាល់បាន 4 គ្រាប់ និងបង្កើតឱកាសស៊ុតបញ្ចូលទីជោគជ័យបាន 2 គ្រាប់៕