អាជ្ញាធររបស់ អារ៉ាប៊ីសាអូឌីត កំពុងអញ្ជើញបណ្ដាក្រុមហ៊ុនស្ថាបត្យកម្មមកគូរប្លង់សម្រាប់អគារខ្ពស់បំផុតថ្មីមួយដែលគ្រោងនឹងសាងសង់នៅ រដ្ឋធានីរីយ៉ាដ។
អារ៉ាប៊ីសាអូឌីត នឹងសង់អគារកម្ពស់ 2 គីឡូម៉ែត្រនៅ រីយ៉ាដ នេះបើតាម MEED ចុះផ្សាយកាលពីថ្ងៃទី 07 ធ្នូ 2022។ អគារខ្ពស់កប់ពពកថ្មីដែលកំពុងត្រូវបានពិចារណាដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) នេះនឹងស្ថិតនៅក្នុងតំបន់ពង្រីកថ្មីទំហំ 18 គីឡូម៉ែត្រក្រឡានៅភាគខាងជើងនៃ រដ្ឋធានីរីយ៉ាដ។ អាជ្ញាធរកំពុងកំណត់តំបន់ដែលត្រូវបើកការដ្ឋាននៅក្បែរព្រលានយន្តហោះអន្តជាតិ King Khalid និងកំពុងធ្វើការសិក្សាលម្អិត។
អគារខ្ពស់ជាងគេបង្អស់លើពិភពលោកនាបច្ចុប្បន្នគឺ Burj Khalifa នៅទីក្រុង ឌូបៃ ដោយមានកម្ពស់ 828 ម៉ែត្រ។ យោងតាមក្រុមអ្នកម៉ៅការសំណង់ អគារទាំងឡាយណាដែលមានកម្ពស់ 2 គីឡូម៉ែត្រ ក្នុងតំបន់ នឹងត្រូវចំណាយថវិកាសាងសង់ឡើងដល់ 5 ពាន់លានដុល្លារអាម៉េរិក។
អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានអញ្ជើញក្រុមហ៊ុនអភិវឌ្ឍសំណង់ ក្រុមហ៊ុនស្ថាបត្យកម្មសំណង់ និងក្រុមហ៊ុនគ្រប់គ្រងគម្រោងជាដើមចំនួន 8 ស្ថាប័ន ដើម្បីចូលរួមការប្រកួតប្រជែងក្នុងការរចនាអគារកប់ពពកថ្មីនេះ។
អារ៉ាប៊ីសាអូឌីត កំពុងអនុវត្តគម្រោងសាងសង់ធំៗជាច្រើន ក្នុងនោះមានដូចជា គម្រោងព្រលានយន្តហោះស្ដេច Khalid និងមហាគម្រោងទីក្រុង NEOM តម្លៃ 500 ពាន់លានដុល្លារអាម៉េរិក ក៏ដូចជាទីក្រុងបណ្ដោយត្រង់ The Line ប្រវែង 170 គីឡូម៉ែត្រជាដើម៕