ស្ថិតិរបស់ Five Thirty Eight បានបង្ហាញអំពីអត្រានៃឱកាសដណ្ដើមបានពានរង្វាន់ជើងឯករបស់ 4 ក្រុមដែលមានវត្តមានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ World Cup 2022។
ការវិភាគដែលយោងទៅតាម «សន្ទស្សន៍កម្លាំងបាល់ទាត់» (SPI) របស់ Five Thirty Eight បានបង្ហាញថា អាហ្សង់ទីន គឺជាក្រុមនាំមុខគេស្ដីពីសមត្ថភាពនៃការដណ្ដើមបានពានរង្វាន់ជើងឯក World Cup 2022 ក្នុងអត្រា 37%។
SPI គឺជាពាក្យតំណាងការគណនាតាមរយៈការដាក់ពិន្ទុលើសមត្ថភាពវាយលុក និងការពាររបស់បណ្ដាក្រុមបាល់ទាត់ជម្រើសជាតិ។ ចំណែក Five Thirty Eight គឺជា គេហទំព័ររបស់ អាម៉េរិក ដែលផ្ដោតលើការសិក្សាស្រាវជ្រាវ ការស្ទង់មតិ ការស្រង់ស្ថិតិក្នុងវិស័យនយោបាយ កីឡា និងសេដ្ឋកិច្ច។
កន្លងមក មុនពេលគ្រាប់បាល់ World Cup 2022 ចាប់ផ្ដើមរមៀល ក្រុមអាហ្សង់ទីន ឈរត្រឹមលំដាប់ទី 4 ប៉ុណ្ណោះ ក្នុងចំណោមបេក្ខភាពសម្រាប់តំណែងជើងឯក ដោយមានអត្រា 8%។ ដំណាក់កាលនោះ Five Thirty Eight វាយតម្លៃថា ប្រេស៊ីល គឺជាក្រុមដែលមានឱកាសដណ្ដើមបានពានរង្វាន់ជើងឯកខ្ពស់បំផុត ក្នុង អត្រា 22%។ បន្ទាប់ពី ប្រេស៊ីល គឺក្រុមរបស់ អេស្ប៉ាញ (11%) និង បារាំង (9%)។
ក៏ប៉ុន្តែ នៅពេលវគ្គ 1/8 បានបញ្ចប់ ក្នុង top 4 នៃបេក្ខភាពជើងឯកដែលត្រូវបានព្យាករថា មានឱកាសច្រើនជាងគេ នៅសល់តែ អាហ្សង់ទីន និង បារាំង។ មុននោះ នៅពេល ប្រេស៊ីល ត្រូវបានជម្រុះពីវគ្គ 1/8 ដោយសារតែចាញ់ ក្រូអាត ក្នុងការប្រកួតទាត់ប៉េណាំងទី អេស្ប៉ាញ ឯណោះវិញក៏បានចាញ់ ម៉ារ៉ុក ហើយក៏ត្រូវហាលអាវត្រឹមវគ្គនេះ។
សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដែលឈរលំដាប់បន្ទាប់ពី អាហ្សង់ទីន ស្ដីពីដែលដែលឱកាសដណ្ដើមបានពាន់រង្វាន់ជើងឯក World Cup 2022 គឺក្រុមរបស់ បារាំង ដោយមានអត្រា 35%។ បន្ទាប់ពី បារាំង គឺក្រុមរបស់ ក្រូអាត ដោយមាន 16% និងឈរក្រោយគេគឺ ម៉ារ៉ុក ដោយមាន 13%។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អាហ្សង់ទីន នឹងប៉ះ ក្រូអាត នៅម៉ោង 2 ថ្ងៃទី 14 ធ្នូ។ មួយថ្ងៃក្រោយមក នឹងមានការប្រកួតរវាង បារាំង និង ម៉ារ៉ុក៕