ភ្នំពេញ៖ ជារឿងមួយដែលយើងនឹកស្មានមិនដល់ឡើយ ព្រោះមកទល់ឆ្នាំ2017នេះ ពលករខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់មានចំនួនច្រើនជាងកម្មករ-កម្មការិនីនៅក្នុងរោងចក្រក្នុងប្រទេសខ្លួនឯងទៅទៀត!។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនៅចុងសប្តាហ៍នេះបានជួបសំណេះសំណាលជាមួយពលករខ្មែរនៅក្នុងប្រទេសថៃ ដោយឯកឧត្តមបានបញ្ជាក់ថា មកទល់បច្ចុប្បន្ន បងប្អូនពលករខ្មែរនៅប្រទេសថៃមានចំនួនជាង1លាននាក់ នៅប្រទេសជប៉ុនមានជិត5ពាន់នាក់ នៅកូរ៉េខាងត្បូងមានជាង5ម៉ឺននាក់ ក្នុងនោះបងប្អូនខ្មែរមានគ្រួសារជាជនជាតិកូរ៉េ 15.000នាក់ដែលមានចំណូលសរុបជាមធ្យមជិត 2ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ចំនួនជាក់ស្តែងពលករខ្មែរយើងនៅក្នុងប្រទេសថៃគឺ 1លាន5ម៉ឺននាក់ មានប្រាក់ឈ្នួលជាង300បាតក្នុងមួយថ្ងៃដែលមានការងារល្អ ជាការងារនៅមួយកន្លែងដែលបានរកចំណូលជួយគ្រួសារ និងលើកកម្ពស់ជីវភាពគ្រួសារឱ្យល្អប្រសើរឡើង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍភូមិឃុំរបស់ពួកគេ បង្កើនទំនាក់ទំនងមិត្តភាពតាមរយៈការទទួលបានមិត្តភ័ក្ដិថ្មីៗ មានប្រយោជន៍សម្រាប់សហប្រតិបត្តិការមិត្តភាពប្រជាជន និងប្រជាជន។ ពេលត្រឡប់មកកម្ពុជាវិញ បងប្អូនពលករយើងទាំងនោះ គឺជាធនធានមនុស្សដែលមានជំនាញខ្ពស់សម្រាប់កសាងប្រទេសជាបន្តតាមរយៈជំនាញរបស់ខ្លួន និងតាមរយៈការងារនៅក្នុងស្រុក។
សូមជម្រាបថា មកទល់បច្ចុប្បន្នក្នុងប្រទេសកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន556រោងចក្រ មានកម្មករ-កម្មការិនីចំនួន65ម៉ឺននាក់ ក្នុងនោះកម្មការិនី88% និងប្រាក់ឈ្នួលអប្បបរមាកើនដល់170ដុល្លារ(សម្រាប់ឆ្នាំ2018) ដោយមិនរួមបញ្ចូលប្រាក់ថ្លៃធ្វើដំណើរ និងអត្ថប្រយោជន៍ផ្សេងៗចំនួន 17ដុល្លារផងនោះ បានជួយដល់អត្រាកំណើនសេដ្ឋកិច្ចមាន 7% អត្រាមានការងារធ្វើមាន 99.3%ដែលមានប្រាក់ចំណូលប្រហាក់ប្រហែលនឹងប្រាក់ខែមន្ត្រីរាជការដែរ គឺ80ម៉ឺនរៀល៕