Shouguang គឺជាមជ្ឈមណ្ឌលផលិត និងចែកចាយបន្លែធំជាងគេមួយនៅ ប្រទេសចិន ដោយមានចំការបន្លែផ្ទះកញ្ចក់ទំនើបជាច្រើន។
នៅឯឧទ្យានកសិកម្មទំនើបបែបថ្មីនៅទីក្រុង Shouquang ខេត្ត Shandong ប្រទេសចិន កសិករកំពុងតែញាប់ដៃញាប់ជើងក្នុងការបេះបន្លែក្នុងផ្ទះកញ្ចក់។ Ma Xiuli ជាកសិករដាំបន្លែមួយរូបនិយាយថា «យើងប្រមូលផលប្រហែល 500 គីឡូក្រាមជារៀងរាល់ថ្ងៃ។ ពេលនេះជាពេលប្រមូលផលកម្រិតខ្ពស់។ បរិមាណបន្លែក្នុងផ្ទះកញ្ចក់របស់ខ្ញុំ ជាមធ្យមពី 22,500 ដល់ 25,000 គីឡូក្រាមក្នុងមួយឆ្នាំ»។
Shouguang គឺជាមជ្ឈមណ្ឌលផលិត និងចែកចាយបន្លែធំជាងគេមួយនៅ ប្រទេសចិន។ ឧទ្យានបែបទំនើបថ្មីនេះមានផ្ទះកញ្ចក់ប្រហែល 160 ខ្នង ផ្ដល់ទិន្នផលបន្លែ 3,600 តោនជារៀងរាល់ឆ្នាំ។
«ផ្ទះកញ្ចក់របស់យើងមានសមត្ថភាពគ្រប់គ្រងសីតុណ្ហភាពបានល្អ» លោក Li Guangju មកពីមន្ទីរកសិកម្ម និងជនបទរបស់ក្រុង Shouquang ថ្លែងដូច្នេះ និងបន្តថា «នៅពេលសីតុណ្ហភាពខាងក្រៅធ្លាក់ចុះ -13 ទៅ -14 អង្សាសេ យើងនៅតែអាចកែប្រែកម្ដៅខាងក្នុងពី 13 ដល់ 14 ឬដល់ទៅ 15 អង្សាសេក៏មាន»។
លោក Li Guangju បញ្ជាក់ថា សីតុណ្ហភាពដូចខាងលើអាចធានាចំពោះការរីកលូតលាស់របស់តាសក់ផ្អរ ត្រប់ ប៉េងប៉ោះជាដើម។ យោងតាម លោក Li Guangju មជ្ឈមណ្ឌលខាងលើ មានបំពាក់ឧបករណ៍ឆ្លាតវៃ ដែលជួយបង្កើនទិន្នផល ក៏ដូចជាគុណភាពបន្លែផងដែរ។
ដោយសារតែ Shouquang គឺជាមជ្ឈមណ្ឌលផ្គត់ផ្គង់បន្លែមួយដ៏សំខាន់របស់ ប្រទេសចិន ដូច្នេះ អាជ្ញាធរ ក៏ដូចជាកសិករ បាន និងកំពុងខិតខំធានាការផ្គត់ផ្គង់បន្លែឱ្យបានទាន់ពេលសម្រាប់ទីផ្សារនានាក្នុងប្រទេស។
Zhang Linlin មកពីនាយកដ្ឋានកសិកម្ម និងជនបទរបស់ទីក្រុង Shouquang ឱ្យដឹងថា Shouquang គឺជាដែនដីកសិកម្មរបស់ ប្រទេសចិន ដោយមានផ្ទៃដីដាំដុះសរុប 40,000 ហិកតា ដែលផ្ដល់ទិន្នផលប្រចាំឆ្នាំឡើងដល់ 4.5 លានតោន៕