បវរកញ្ញាជប៉ុន Hanawa Erina បានគ្រងមកុដបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ 2022 (Miss Tourism World 2022 នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅ ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី 10 ធ្នូ។
តំណាងរបស់ ជប៉ុន គឺស្រីស្អាត Erina Hanawa បានយកឈ្នះលើបេក្ខភាព 50 រូប មុននឹងបានគ្រងមកុដបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ 2022។
ដោយមានសក់ខ្លី មុខមាត់ប្រកបដោយភាពស្រស់ស្រាយ និងកម្ពស់ 172 សម Erina ធ្លាប់ទទួលបានពានរង្វាន់បេក្ខនារីដែលត្រូវបានស្រលាញ់ចូលចិត្តបំផុត។ ស្រីស្អាតរូបនេះក៏ទទួលបានការសរសើរនៅក្នុងអំឡុងចូលរួមការប្រលងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ 2022។
តំណាងរបស់ ហ្វ៊ីលីពីន ដណ្ដើមបានតំណែងបវរកញ្ញាទេសចរណ៍ពិភពលោកលំដាប់រងទីមួយ ខណៈបេក្ខភាពរបស់ វៀតណាម ដណ្ដើមបានតំណែងបវរកញ្ញាលំដាប់រងទីពីរ។ ចំណែកលំដាប់រងទីបីបានទៅលើតំណាងមកពី រុស្ស៊ី និង ទីបួនបានទៅលើតំណាងមកពី នីហ្សេរីយ៉ា។
នៅក្នុង Top 12 នៃរាត្រីផ្ដាច់ព្រ័ត្ររបស់ព្រឹត្តិការណ៍ប្រលងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ 2022 រួមមាន ជប៉ុន ឥណ្ឌូណេស៊ី អ៊ីតាលី ថៃ ហ្កាណា តួកគី សិង្ហបុរី ចិន ហ្វ៊ីលីពីន រុស្ស៊ី នីហ្សេរីយ៉ា និង វៀតណាម៕