បណ្ដាក្រុមហ៊ុនឯកជនដែលមានមូលធនទីផ្សារធំជាងគេនៅ ប្រទេសចិន បាន «ធ្លាក់ថ្លៃ» ជាង 50% ក្នុងរយៈពេល 2 ឆ្នាំ ក្នុងនោះ ភាគច្រើនកើតឡើងក្នុងវិស័យបច្ចេកវិទ្យា និងអចលនទ្រព្យ។
វិទ្យាស្ថានស្រាវជ្រាវ Hurun ដែលមានទីស្នាក់ការនៅទីក្រុង Shanghai ប្រទេសចិន ទើបតែបានប្រកាសនូវបញ្ជីចំណាត់ថ្នាក់ 500 ក្រុមហ៊ុនដែលមានតម្លៃជាងគេលើពិភពលោក (Hurun Global 500)។ ឆ្នាំនេះ តម្លៃសរុបរបស់ក្រុមហ៊ុនទាំង 500 នេះ បានថយចុះ 19%។ 340 ក្រុមហ៊ុនមានមូលធនទីផ្សារថយចុះ ឬនៅទ្រឹងដដែល។
«វិស័យដែលបានរងផលប៉ះពាល់ច្រើនជាងគេគឺការលក់រាយ ពិសេសគឺពាណិជ្ជកម្មអនឡាញ ដោយសារអតិផរណាកើនឡើងខ្ពស់ បណ្ដាលឱ្យបណ្ដាក្រុមហ៊ុនសម្របសម្រួលផ្នែកទូទាត់ប្រាក់ និងប្រគល់ទំនិញត្រូវដាំក្បាលចុះ» Rupert Hoogewerf ប្រធានក្រុមហ៊ុន និងជាប្រធានក្រុមស្រាវជ្រាវរបស់ Hurun ឱ្យដឹងដូច្នេះ។
ប្រទេសចំនួន 3 ដែលមានក្រុមហ៊ុនស្ថិតក្នុងបញ្ជីខាងលើច្រើនជាងគេគឺ សហរដ្ឋអាម៉េរិក ចិនដីគោក និងជប៉ុន។ ចំនួនក្រុមហ៊ុនអាម៉េរិក ដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់នេះ គឺច្រើនជាងពាក់កណ្ដាល ធៀបនឹងចំនួនសរុប ពោលគឺមាន 260 ក្រុមហ៊ុន និងមានតម្លៃសរុប 30.4 ទ្រីលានដុល្លារអាម៉េរិក ស្មើនឹង 65%។ ចំណែក ប្រទេសចិន វិញ ឈរលំដាប់ទីពីរ ដោយមាន 35 ក្រុមហ៊ុន ស្មើនឹង 6% នៃតម្លៃសរុប។
ដោយឡែក Top 10 ស្ដីពីក្រុមហ៊ុនមានតម្លៃជាងគេលើពិភពលោក សុទ្ធតែជារបស់ សហរដ្ឋអាម៉េរិក។ ឆ្នាំនេះ ថ្វីបើបាត់បង់តម្លៃ 2.4 ទ្រីលានដុល្លារ ប៉ុន្តែ Top 10 ស្ដីពីក្រុមហ៊ុនមានតម្លៃជាងគេលើពិភពលោក នៅតែរួមចំណែកបាន 21% ក្នុងចំណោមតម្លៃសរុបរបស់ Top 500។ Alphabet បានយកឈ្នះ Amazon និងបានកាន់កាប់តំណែងលេខ 3 ខណៈដែល Amazon លេខ 4, Apple ឈរលំដាប់លេខ 1, Microsoft ជាប់លេខ 2, Tesla លេខ 5, Berkshire Hathaway លេខ 6៕