គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី 09 ធ្នូ នៅវិមានសន្តិភាព ហើយចាប់ផ្ដើមសាងសង់នៅឆ្នាំក្រោយ នេះបើតាម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការបរទេសកម្ពុជា។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងទន្លេសាប និងទន្លេមេគង្គ ពីផ្សារចាស់ រាជធានីភ្នំពេញ ទៅជ្រោយចង្វារ និង អរិយ្សត្រ ខេត្តកណ្ដាល ដែលនឹងចំណាយថវិកា 245,909,000 ដុល្លារអាមេរិកនេះ គឺជាស្ពានខ្សែកាបដែលមានជើងសសរទម្រខ្ពស់សំខាន់ចំនួនពីរ ហើយជើងសសររង្វើល ងាយស្រួលកប៉ាល់ឆ្លងកាត់ពីខាងក្រោម។
យោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានដែលមានប្រវែងសរុបជាង 2 គីឡូម៉ែត្រនេះ នឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំ។
គម្រោងស្ថាបនាស្ពានខាងលើនេះស្ថិតក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួនពីរនៅ កម្ពុជា ដែលផ្ដល់ឥណទានសម្បទានដោយ កូរ៉េខាងត្បូង។ ឥណទានសម្បទានតម្លៃ 1,500 លានដុល្លារអាម៉េរិក សម្រាប់ កម្ពុជា ពីឆ្នាំ 2022-2026 របស់ កូរ៉េខាងត្បូង គ្រោងនឹងចុះហត្ថលេខានៅថ្ងៃនេះ។
ឥណទានសម្បទានដែលផ្ដល់ដោយ កូរ៉េខាងត្បូង នេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការខិតខំរបស់ កម្ពុជា ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងបន្ធែមនូវទំនាក់ទំនងល្អទ្វេភាគីដែលមានស្រាប់រវាង កម្ពុជា និង កូរ៉េខាងត្បូង នេះបើតាម ក្រសួងការបរទេសកម្ពុជា៕