ការអានជារឿងសំខាន់មួយដែលមនុស្សម្នាក់ៗគួរយកចិត្តទុកដាក់។ ថ្វីដ្បិតតែសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានភាពទំនើប ដែលអាចស្តាប់ ទស្សនាវីដេអូ ឬតាមវិធីជាច្រើនទៀតដើម្បីទទួលយកចំណេះដឹងក៏ដោយ តែជាទូទៅ ការអាននៅតែមានលក្ខណៈស៊ីជម្រៅជាង ហើយមានតម្លៃប្រកបដោយគុណភាពជីវិតខ្ពស់ជាងការបញ្ចូលព័ត៌មានតាមបែបផ្សេងទៀត។
អ្នកនិពន្ធវ័យក្មេង លោក ឈិន សីហា បានលើកឡើងថា ការអានអាចធ្វើឱ្យមនុស្សទទួលបានពុទ្ធិខ្ពស់ក្នុងការអភិវឌ្ឍបញ្ញាស្មារតី ដែលធ្វើឱ្យមនុស្សក្លាយជាអ្នកដែលមានហេតុផលល្អក្នុងការដោះស្រាយបញ្ហាប្រចាំជីវិត។ ម្យ៉ាងវិញទៀត ចំពោះរាល់ការពិភាក្សា ការជជែកវែកញែកផ្សេងៗក្នុងការទំនាក់ទំនងរបស់មនុស្សដែលបានអានច្រើនក៏មានលក្ខណៈសន្តិភាពជាងអ្នកដែលមិនសូវបានអានដែរ។
លោក ឈិន សីហា បាននិយាយថា៖ « ការមិនទម្លាប់អានស្ទើរតែក្លាយជាវប្បធម៌មួយរបស់ប្រជាជនខ្មែរទូទៅមួយចំនួនទៅហើយ។ កត្តានេះបានធ្វើឱ្យគុណភាពនៃការគិតរបស់ប្រជាជនមានភាពទន់ខ្សោយនិងធ្វើសកម្មភាពអ្វីមួយដោយមិនមានហេតុផលច្រើន»។
ស្រដៀងគ្នានេះដែរអ្នកនិពន្ធ ឡុច ចន្ថា បានលើកឡើងថា ជាការកត់សម្គាល់លោកសង្កេតឃើញថា បុគ្គលដែលមិនចូលចិត្តអាន ភាគច្រើនជាអ្នកចូលចិត្តប្រើហិង្សា ដោយសារតែបុគ្គលទាំងអស់នោះមិនសូវបានអប់រំខ្លួនឯង។ តែសម្រាប់អ្នកដែលបានអានច្រើនវិញ គឺគាត់អាចអប់រំផ្លូវចិត្តបានល្អមានឱកាសអប់រំសីលធម៌ទទួលយកការកែប្រែឥរិយាបថឱ្យកាន់តែប្រសើរឡើង ចេះគ្រប់គ្រងខ្លួនឯងបានល្អ និងមានភាពបត់បែនក្នុងការរស់នៅ។
អ្នកនិពន្ធខាងលើបានលើកឡើងផងដែរថា បញ្ហាចម្បងនានានៅក្នុងសង្គមអាចនឹងត្រូវទប់ស្កាត់បានប្រសិនបើប្រជាជនភាគច្រើនបានអាន ហើយអប់រំចិត្តបានល្អ តែចំណុចប្រឈមដែលយើងមានគឺមិនទាន់មានការបំផុសការអានឱ្យបានគ្រប់គ្រាន់នៅឡើយ។ ស្ថាប័នរដ្ឋ និងឯកជនមិនទាន់បានផ្សព្វផ្សាយឬណែនាំប្រជាជនឱ្យស្គាល់ពីតម្លៃនៃការអាន ហើយឯកសារសម្រាប់អានទៀតសោតក៏នៅមានកម្រិតនៅឡើយ។
អ្នកនិពន្ធខាងលើបានសំណូមពរឱ្យប្រជាជនខ្មែរគួរព្យាយាមរកសៀវភៅណាដែលអាចដុសខាត់ខួរក្បាលខ្លួនឯងឱ្យមានទស្សនៈវែងឆ្ងាយ និងមានការគិតបានល្អិតល្អន់ ដូចជាសៀភៅទស្សនវិជ្ជាជាដើម។ ប្រជាជនខ្មែរក៏គួរតែអានឯកសារទាក់ទងនឹងការអប់រំចិត្តសាស្ត្រដើម្បីអប់រំចិត្តក្រោធខឹងរបស់ខ្លួនអប់រំពីការដោះស្រាយអារម្មណ៍ស្ត្រេស អប់រំសីលធម៌ និងការរៀនរស់នៅជាមួយអ្នកដទៃជាដើមផងដែរ៕