ក្រុមអ្នកវិភាគអន្តរជាតិសម្ដែងការកោតសរសើរចំពោះវគ្គពីរនៃខ្សែភាពយន្តរឿង «Avatar» ថា ប្រកបដោយភាពអស្ចារ្យ និងមានទិដ្ឋភាពបង្ហាញពីមនោសញ្ចេតនាគួរឱ្យរំជួលចិត្តច្រើនជាងវគ្គមួយ។
យោងតាម Variety ក្រោយការរង់ចាំអស់ 13 ឆ្នាំ អ្នកវិភាគល្បីឈ្មោះជាច្រើនរូបក៏ត្រូវបានក្រុមអ្នកផលិតរបស់ខ្សែភាពយន្តរឿង Avatar: The Way of Water អញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍បញ្ចាំង និងរិះគន់នៅ ក្រុងឡុងដ៍ កាលពីដើមសប្ដាហ៍កន្លង។
លទ្ធផលនៃការវាយតម្លៃដំបូងរបស់ក្រុមអ្នកវិភាគ ត្រូវបានបង្ហោះលើបណ្ដាញសង្គម។ ភាគច្រើន អ្នកវិភាគបានវាយតម្លៃវិជ្ជមានទៅលើខ្សែភាពយន្តនេះ។ អ្នកវិភាគច្រើនរូបបានកោតសរសើរថា វគ្គថ្មីនេះពោរពេញដោយការស្រមៃដ៏អស្ចារ្យដែលជាស្នាដៃរបស់អ្នកដឹកនាំ James Cameron និងបច្ចេកទេសកាត់តវីដេអូនៅក្នុងខ្សែភាពយន្ត។
«នេះគឺជាចំណុចកំពូលនៃសិល្បៈរៀបរាប់រឿងរ៉ាវ និងការផលិតភាពយន្ត» អ្នកវិភាគ Erik Davis និយាយដូច្នេះ។ ចំណែក Josh Horowitz ពិធីករនៃកម្មវិធី Happy Sad Confused និយាយថា «ខ្ញុំមិនដែលមានមន្ទិលចំពោះគាត់ (លោក James Cameron)…។ …ពោរពេញដោយមនោសញ្ចេតនា និងមហស្ចារ្យ»។
វគ្គពីររបស់ Avatar ត្រូវបានបញ្ចេញកាលពីពាក់កណ្ដាលខែធ្នូ 2022 និងមានគម្លាតពីវគ្គមួយ 13 ឆ្នាំ។ ចំណែក 3 វគ្គបន្ទាប់ទៀតរបស់ខ្សែភាពយន្តនេះក៏ត្រូវបានរៀបគម្រោងផលិត ហើយគ្រោងនឹងចាប់បញ្ចាំងនៅឆ្នាំ 2024, 2026 និង 2028។
វគ្គដំបូងរបស់ Avatar ដែលបានចាប់បញ្ចាំងកាលពីឆ្នាំ 2009 បានយកឈ្នះលើ Titanic ដែលដឹកនាំរឿងដោយលោក Cameron ដូចគ្នា និងបានក្លាយជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនជាងគេបង្អស់នៅគ្រប់សម័យកាល និងរកបានចំណូល 2.8 ពាន់លានដុល្លារអាម៉េរិកនៅក្នុងរយៈពេល 13 ឆ្នាំកន្លង៕