Skip to content

ផ្លូវ​ខេត្ត 2 ខ្សែ ប្រវែង​សរុប​ជាង 43 គីឡូម៉ែត្រ គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​នៅ 2 សប្ដាហ៍​ទៀត

ផ្លូវ​ខេត្ត 2 ខ្សែ ប្រវែង​សរុប​ប្រមាណ​ជាង 43 គីឡូម៉ែត្រ គ្រោង​នឹង​ត្រូវបាន​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2022 ខាងមុខ នេះ​បើតាម​ការឱ្យ​ដឹង​នៅថ្ងៃនេះ​ពី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​នេះ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្ម​ការ​​សម្រាប់​​ត្រៀម​​រៀបចំ​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ផ្លូវ​ខេត្ត​លេខ 146បេ និង ផ្លូវ​ខេត្ត​លេខ148 ដែលមាន​ប្រវែង​សរុប​ប្រមាណ 43.02 គីឡូម៉ែត្រ ស្ថិតនៅក្នុង ខេត្ត​ព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប។

កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី ធ្វើការ​បែងចែក​តួនាទី​និង​ភារកិច្ច​ជូន​ដល់​សមាជិក​សមាជិកា​នៃ​គណៈកម្មាការ និង​អនុគណៈកម្មការ​សម្រាប់​ត្រៀម​រៀបចំ​ពិធី​សម្ពោធ ដើម្បីឱ្យ​ប្រព្រឹត្តិទៅបាន​ដោយ​រលូន។

យោងតាម ក្រសួង​សាធារណការ ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ផ្លូវ​ខេត្ត​លេខ 146បេ និង ផ្លូវ​ខេត្ត​លេខ148 នេះ គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2022 ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *