Skip to content

កាតា ចាប់ផ្ដើម​រុះរើ​កីឡដ្ឋាន​ដែល​សាងសង់​ឡើង​ពី​កុងតឺន័រ​ចំនួន 974 ទូ

កម្មករ​ចាប់ផ្ដើម​រុះរើ​កីឡដ្ឋាន​បណ្ដោះអាសន្ន 974 នៅក្នុង​តំបន់ Ras Abu Aboud រដ្ឋធានី​ដូ​ហា ក្រោយ​ការប្រកួត​ចុងក្រោយ​បាន​កន្លងទៅ​ច្រើន​ថ្ងៃ។

កីឡដ្ឋាន 974 ត្រូវបាន​សម្ពោធ​ដំណើរការ​កាលពី​ថ្ងៃទី 20 វិច្ឆិកា 2022 និង​ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ 13 ប្រកួត​ប៉ុណ្ណោះ រួមមាន 6 ប្រកួត​របស់ Arab Cup និង 7 ប្រកួត​របស់ World Cup។ ការប្រកួត​ចុងក្រោយ​ដែល​ធ្វើឡើង​នៅលើ​កីឡដ្ឋាន​នេះ​គឺ​ការ​ប៉ះគ្នា​រវាង​ក្រុម​ជម្រើសជាតិ​របស់ ប្រេ​ស៊ី​ល និង កូរ៉េ​ខាង​ត្បុ​ង នៅក្នុង​វគ្គ​ជម្រុះ​ផ្ទាល់​កាលពី​ថ្ងៃទី 05 ធ្នូ ក្នុងនោះ​ក្រុម​មកពី អាម៉េរិក​ខាងត្បូង បានឈ្នះ 4-1។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សំឡេង​កញ្ចែ​បានបញ្ចប់​ការប្រកួត គេ​ឃើញ​រថយន្ត​ដឹកទំនិញ និង​រថយន្តស្ទូច បានមក​កាន់​កីឡដ្ឋាន 974។ កាលពី​ថ្ងៃទី 07 ធ្នូ ក្រុមកម្មករ​ចាប់ផ្ដើម​រុះរើ​ផ្នែក​ខាងក្រៅ​កីឡដ្ឋាន។

ក៏ប៉ុន្តែ នេះ​មិនមែនជា​ទីបញ្ចប់​របស់​កីឡដ្ឋាន 974 ឡើយ។ យោងតាម Financial Times កាតា គ្រោង​ដឹកជញ្ជូន​កុងតឺន័រ​ទាំង 974 ទូ​នេះ​ទៅកាន់ អ៊ុយ​រូ​ហ្កា​យ ដែលមាន​ចម្ងាយ​ពី ដូ​ហា ប្រហែល 13,000 គីឡូម៉ែត្រ បើ​ធ្វើដំណើរ​តាមផ្លូវ​សមុទ្រ។

អ៊ុយ​រូ​ហ្កា​យ មាន​ផែនការ​សាងសង់​កីឡដ្ឋាន​ទៅតាម​រចនាសម្ព័ន្ធ​ដើម និង​ប្រារព្ធ​ការប្រកួត​បាល់ទាត់​នៅ​ទីនោះ​ក្នុង​ឆ្នាំ 2030 បើសិន​ប្រទេស​នេះ​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ World Cup។ អ៊ុយ​រូ​ហ្កា​យ សង្ឃឹមថា គំនិត​ផ្ដួចផ្ដើម​ដែល​ត្រូវ​បានស្នើ​ក្នុង​បំណង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការសាងសង់​កីឡដ្ឋាន និង​ក្រោយ​ការប្រកួត នឹង​ជួយ​ឱ្យ​ពួកគេ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​មាន​សិទ្ធិ​ប្រារព្ធ​ព្រឹត្តិការណ៍ World Cup 2030 ដែលជា​វេលា​គម្រប់​ខួប 100 ឆ្នាំ រាប់​ចាប់តាំងពី អ៊ុយ​រូ​ហ្កា​យ បានទទួល World Cup លើកដំបូង។

974 ស្ថិត​ក្នុងចំណោម​កីឡដ្ឋាន​ចំនួន 7 នៅ កាតា ដែល​ត្រូវបាន​សាងសង់​ថ្មី​សម្រាប់​ទទួល World Cup 2022 ហើយក៏​ជា​កីឡដ្ឋាន​បណ្ដោះអាសន្ន​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ World Cup ផងដែរ។ កីឡដ្ឋាន 974 ត្រូវបាន​សាងសង់ឡើង​ពី​កុងតឺន័រ​ចំនួន 974 ទូ អាចដាក់​មនុស្ស​បាន 40,000 នាក់។ 974 ក៏​ជា​លេខ​កូដ​តំបន់​របស់ កាតា នៅក្នុង​វិស័យ​ទុរគម​មនាគ​មន៍​អន្តរជាតិ​ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *