ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla បានបង្ហាញរថយន្តអគ្គិសនីចំនួន 2 ម៉ូដែលរបស់ខ្លួននៅ ប្រទេសថៃ កាលពីថ្ងៃទី 07 ធ្នូ ដែលនេះគឺជាជំហានដំបូងរបស់ក្រុមហ៊ុននៅក្នុងតំបន់ដែលគ្រប់គ្រងដោយអ្នកផលិតរថយន្តជប៉ុន តាំងពីយូរមកហើយ។
ការបង្ហាញម៉ូដែលរថយន្តអគ្គិសនីដែលមានតម្លៃពី 1.7 លានបាត ដល់ 2.5 លានបាត (ប្រហែល 48,447 ដុល្លារ ដល់ 71,205 ដុល្លារអាម៉េរិក) ខាងលើនេះ ត្រូវបានធ្វើឡើងនៅពេល ប្រទេសថៃ ជំរុញការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនីដោយការកាត់បន្ថយអត្រាពន្ធ និងការផ្ដល់ជំនួយផ្សេង។
នៅក្នុងទីផ្សារប្រទេសថៃ Tesla Model 3 និង Model Y ដែលត្រូវបានបង្ហាញគឺមាន 3 កំណែ ៖ RWD, Long Range AWD និង Performance។
Tesla មានគម្រោងចាប់ផ្ដើមលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារធំជាងគេលំដាប់ទីពីររបស់ អាស៊ីអាគ្នេយ៍ តាមរយៈថ្នាលបច្ចេកវិទ្យា ហើយការប្រគល់ទំនិញនឹងចាប់ផ្ដើមពីដើមឆ្នាំ 2023។
នៅក្នុងទីផ្សារថៃ Tesla នឹងត្រូវប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនចិន មានដូចជា BYD និង Great Wall Motors ជាដើម ដែលក្រុមហ៊ុនទាំងនេះលក់រថយន្តដែលមានតម្លៃចាប់ពី 23,000 ដុល្លារអាម៉េរិក។
ថៃ គឺជាកន្លែងផលិត និងដំឡើងរថយន្តធំជាងគេលំដាប់ទី 4 នៅ អាស៊ី សម្រាប់បណ្ដាក្រុមហ៊ុនដូចជា Toyota និង Honda ជាដើម។ ប្រទេសថៃ ផលិតរថយន្តបានចាប់ពីប្រហែល 1.5 ដល់ 2 លានគ្រឿងជារៀងរាល់ឆ្នាំ ក្នុងនោះ ប្រហែលពាក់កណ្ដាលត្រូវបាននាំចេញទៅបរទេស៕