(ភ្នំពេញ)៖ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនអាកាសចរណ៍ Air Asia ចូលជួបពិភាក្សាការងារទាក់ទងនឹងគម្រោងបង្កើតទីស្នាក់ការរបស់ខ្លួននៅ កម្ពុជា។
យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃព្រហស្បតិ៍ ទី 08 ធ្នូ 2022 នៅទីស្តីការក្រសួង ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួប ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Air Asia លើការបង្កើតទីស្នាក់ការនៅ កម្ពុជា។ តំណាង Air Asia បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះនឹងមានឈ្មោះថា Air Asia Cambodia ដែលនឹងធ្វើពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនាទី 09 ធ្នូ 2022។
ក្រុមហ៊ុនបានឱ្យដឹងថា កម្ពុជា ជាប្រទេសទី 5 ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅ កម្ពុជា ចាប់ពីឆ្នាំ 2023 ខាងមុខ។
តំណាង Air Asia បញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបាន 3 ទៅ 4 លាននាក់/ឆ្នាំ ក្នុងនោះ ជំហានដំបូង គ្រោងដាក់ដំណើរការយន្តហោះប្រភេទ Boeing A321 ចំនួន 4 គ្រឿង ដើម្បីតភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន, ចិន និង ឥណ្ឌា និងគោលដៅក្នុងស្រុកពី ភ្នំពេញ-សៀមរាប-ខេត្តព្រះសីហនុ។
ការវិនិយោគរបស់ក្រុមហ៊ុន Air Asia នឹងនាំមកនូវទេសចរបន្ថែមទៀតមកទស្សនា កម្ពុជា ជាពិសេសបានចូលរួមផ្សព្វផ្សាយពីគោលដៅរបស់ កម្ពុជា ទៅកាន់ពិភពលោក ក្រសួងទេសចរណ៍ សង្ឃឹមដូច្នេះ៕