«សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី 09 ធ្នូ 2022» នេះបើតាមប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី 08 ធ្នូ 2022។
សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងពិធីចុះហត្ថលេខាខាងលើ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំ កម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទានសម្រាប់ឆ្នាំ 2022-2026 ដែលមានទំហំទឹកប្រាក់ 1,500 លានដុល្លារអាម៉េរិក។ ចំណែក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និងតំណាងធនាគារនីហរ័ណអាហរ័ណកូរ៉េប្រចាំកម្ពុជា ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកម្ពុជា ផងដែរ។
យោងតាម ក្រសួងការបរទេសកម្ពុជា គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន 2 ដែលនឹងទទួលបានឥណទានសម្បទានពី កូរ៉េខាងត្បូង រួមមាន «គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅ ខេត្តព្រះសីហនុ» ដែលមានទឹកប្រាក់ 70,000,000 ដុល្លារអាម៉េរិក និង «គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ» (ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ 245,909,000 ដុល្លារអាម៉េរិក។
ឥណទានសម្បទានដែលផ្ដល់ដោយ កូរ៉េខាងត្បូង នេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការខិតខំរបស់ កម្ពុជា ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងបន្ធែមនូវទំនាក់ទំនងល្អទ្វេភាគីដែលមានស្រាប់រវាង កម្ពុជា និង កូរ៉េខាងត្បូង នេះបើតាម ក្រសួងការបរទេសកម្ពុជា៕