នៅក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីគិតតាមពេលវេលាជាក់ស្ដែងរបស់ Forbes មហាសេដ្ឋី អ៊ីឡុន ម៉ាស ត្រូវបានលោក ប៊ែរណា អាកណូ (Bernard Arnault) ម្ចាស់កម្មសិទ្ធិរបស់ Louis Vuitton យកឈ្នះពីរលើក កាលពីម្សិលមិញ។
ក្នុងរយៈពេល 14 ខែក្រោយពីដណ្ដើមបានតំណែងរបស់ ជេហ្វ បេហ្សូស (Jeff Bezos) ដែលជាម្ចាស់ Amazon លោក អ៊ីឡុន ម៉ាស នាយកប្រតិបត្តិរបស់ Tesla និង Twitter បានបាត់បង់តំណែងអ្នកមានជាងគេលើពិភពលោក បើទោះជាក្នុងរយៈពេលខ្លី នេះបើតាម យោងតាម Forbes។
ជាក់ស្ដែង នៅវេលាជិតថ្ងៃត្រង់នៃថ្ងៃទី 07 ធ្នូ 2022 ទ្រព្យសម្បត្តិរបស់លោក ម៉ាស ត្រូវបានគណនាឃើញថា មាន 185.3 ពាន់លានដុល្លារអាម៉េរិក ទាបជាង 100 លានដុល្លារ ធៀបនឹងលោក អាកណូ ប្រធានរបស់ LVMH ដែលជាក្រុមហ៊ុនគ្រប់គ្រងយីហោ Louis Vuitton។ មកដល់ថ្ងៃត្រង់ ថ្ងៃទី 07 ធ្នូ លោក ម៉ាស ក៏ដណ្ដើមតំណែងនេះបានមកវិញ។ ប៉ុន្តែ ដល់ម៉ោង 15 និង 30 នាទី លោក អាកណូ ក៏ដណ្ដើមបានម្ដងទៀតជាលើកទីពីរក្នុងថ្ងៃម្សិលមិញ។
នៅពេលទីផ្សារ (ផ្សារហ៊ុន) បិទទ្វារកាលពីថ្ងៃទី 07 ធ្នូ ម្ចាស់ Twitter ក៏បន្តឡើងកាន់កាប់តំណែងលេខមួយ ដោយមានទ្រព្យ 185.4 ពាន់លានដុល្លារអាម៉េរិក ច្រើនជាង 700 លានដុល្លារ ធៀបនឹងមហាសេដ្ឋីបារាំង អាកណូ។
ចំណែកបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីរបស់ Bloomberg វិញ បង្ហាញថា CEO របស់ Tesla នៅតែជាអ្នកមានជាងគេបង្អស់លើពិភពលោក ដោយមានទ្រព្យសរុប 179 ពាន់លានដុល្លារ ខ្ពស់ជាង 14 ពាន់លានដុល្លារ ធៀបនឹងមហាសេដ្ឋីបារាំង អាកណូ ដែលមានតែ 165 ពាន់លានដុល្លារ៕