តាមរយៈ Facebook Page របស់ផលិតកម្ម ឥន្ទ្រានិម្មិត បានឱ្យដឹងថា គ្រាន់តែបង្ហោះនូវ Trailer រឿងមិនបានប៉ុន្មានផង មានអ្នកគាំទ្រជាច្រើននាក់ បានចូលទៅបញ្ចេញមតិទទូចចង់ទស្សនាភ្លាមៗ អត់ទ្រាំពុំបានឡើយ។
រឿង “សសរកន្លោង” ជារឿងដែលនិយាយអំពីវិញ្ញាណខ្មោចតៃហោងដែលស្ថិតក្នុងសសរកន្លោងនៅក្នុងផ្ទះបុរាណមួយ និងចេញមកលងបន្លាចមនុស្សគ្រប់គ្នាដែលទៅរស់នៅក្នុងផ្ទះនោះ ។ ផ្ទះវីឡាចាស់ម៉ូដបុរាណសម័យបារាំងមួយនោះ ត្រូវបានសាងសង់តាំងពីឆ្នាំ1925 ហើយសមាជិកក្នុងគ្រួសារម្នាក់បានចងកសម្លាប់ខ្លួននៅនឹងសសរកន្លោងកណ្ដាលផ្ទះ និងបានក្លាយទៅជាវិញ្ញាណខ្មោចតៃហោង ដ៏កាចសាហាវនៅក្នុងសសរផ្ទះនោះរហូតមក។ ផ្ទះនោះត្រូវបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន និងត្រូវបានក្រុមគ្រួសារ នាយវុធ ចូលទៅរស់នៅទីនោះ ហើយវិញ្ញាណខ្មោចតៃហោងនោះបានចេញពីសសរមកលងបន្លាច បន្ទាប់មកភាពភ័យខ្លាច ក្ដីភិតភ័យញាប់ញ័ររន្ធត់ក៏បានកើតឡើងចំពោះពួកគេ។
អ្នកគាំទ្រជាច្រើនបានសរសេរ Comment នៅខាងក្រោមវីដេអូ Trailer ថា “មិននឹកស្មានថា ខ្មែរយើងអាចធ្វើបានល្អដល់ថ្នាក់ហ្នឹងសោះ ខ្ញុំសប្បាយចិត្តណាស់ពេលបានមើលហើយ ឃើញថា មិនចាញ់ថៃប៉ុន្មានទេ” ។ អ្នកខ្លះទៀតនិយាយថា “សុំសរសើរដោយសេចក្ដីគោរព ទាំងប្លង់ថត និងបច្ចេកទេស ពិតជាល្អឥតខ្ចោះមែន…ទ្រាំចាំមើលលែងចង់បានហើយបង!!”។
គួរបញ្ជាក់ដែរថា ក្រោយពីបង្ហោះTrailer ដ៏សែនភ័យរន្ធត់រួចមក ខ្សែភាពយន្តនេះគ្រោងនឹងដាក់បញ្ចាំងជាផ្លូវការនៅលើផ្ទាំងក្រណាត់ស គ្រប់រោងកុនទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខនេះហើយ។ គួររំឭកដែរថា រឿង “សសររកន្លោង” បានចាប់ផ្តើមផលិតកាលពីអំឡុងខែមីនា ឆ្នាំ2017 ដោយចំណាយដើមទុនមិនតិចជាង 7 ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើយ៕