ប្រទេសថៃ បានព្រមានថា អ្នកទាំងឡាយណាដែលត្រូវចាប់បានភស្ដុតាងទាក់ទិននឹងការនាំចូលសាច់ជ្រូកខុសច្បាប់ នឹងត្រូវប្រឈមនឹងការពិន័យធ្ងន់ធ្ងរទៅតាមច្បាប់របស់ប្រទេសនេះ។
នាយកដ្ឋានអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៃក្រសួងកសិកម្ម និងសហករណ៍ថៃ ទើបតែបានប្រកាសជំរុញការចាត់វិធានការទប់ស្កាត់អំពើនាំចូលសាច់ជ្រូកខុសច្បាប់ពីបរទេស ដែលបង្កការខាតបង់ដល់កសិករ និងអ្នកប្រើប្រាស់ក្នុងប្រទេសនេះ។
ប្រកាសរបស់ នាយកដ្ឋានអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៃក្រសួងកសិកម្មថៃ ត្រូវបានធ្វើឡើងបន្ទាប់ពីខែមុន អាជ្ញាធរថៃ បានរកឃើញ និងរឹបអូសសាច់ជ្រូកខុសច្បាប់ 40 តោន ដែលនាំចូលពីបណ្ដាប្រទេសជិតខាង។
លោក Somchuan Ratanamungklanon ប្រធាននាយកដ្ឋានអភិវឌ្ឍវិស័យចិញ្ចឹមសត្វ បានឱ្យដឹងថា ស្ទើរតែទាំងអស់នៃសាច់ជ្រូកនាំចូលខុសច្បាប់ សុទ្ធតែត្រូវបានដឹកតាមកប៉ាល់កុងតឺន័រ ហើយនាយកដ្ឋានគយ អាចត្រួតពិនិត្យបានតែមួយភាគតូចប៉ុណ្ណោះ។
ប្រធាននាយកដ្ឋានអភិវឌ្ឍវិស័យចិញ្ចឹមសត្វថៃ បានព្រមានថា អ្នកទាំងឡាយណាដែលត្រូវចាប់បានភស្ដុតាងទាក់ទិននឹងការនាំចូលសាច់ជ្រូកខុសច្បាប់ នឹងត្រូវប្រឈមនឹងការពិន័យធ្ងន់ធ្ងរទៅតាមច្បាប់ស្ដីពីជំងឺរាតត្បាតលើសត្វចិញ្ចឹមរបស់ប្រទេសនេះ។ ទំនិញដែលត្រូវបានរឹបអូសនឹងត្រូវកម្ទេចចោល ខណៈម្ចាស់ទំនិញនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់តាមច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី៕