ក្រុមហ៊ុនផលិតរថយន្តអាម៉េរិក General Motors (GM) បានសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំដំបូងនៅ ប្រទេសកាណាដា កាលពីថ្ងៃទី 05 ធ្នូកន្លងទៅ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី Justin Trudeau។
រោងចក្រដំឡើងរថយន្តដែលមានទីតាំងនៅក្នុងតំបន់ Ingersoll ខេត្ត Ontario នេះ ទទួលបានទុនវិនិយោគប្រហែល 380 លានដុល្លារអាម៉េរិក ពីរដ្ឋាភិបាល និងខេត្ត Ontario។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររថយន្តអគ្គិសនីធំរបស់ កាណាដា ដែលរួមមានទាំងការរុករករ៉ែលីចូមសម្រាប់ការផលិតថ្មផ្ទុកថាមពលដើម្បីផ្គត់ផ្គត់ដល់រថយន្តអគ្គិសនីនៅ អាម៉េរិកខាងជើង។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ថ្លែងកាលពីថ្ងៃទី 05 ធ្នូថា «ថ្ងៃនេះ យើងនឹងសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំដំបូងនៅ កាណាដា»។ ចំណែកប្រធានក្រុមហ៊ុន GM កាណាដា អ្នកស្រី Marissa West បាននិយាយថា «អនាគតរបស់រថយន្តអគ្គិសនីនៅ កាណាដា លែងនៅជាគម្រោងមួយដែលនៅឆ្ងាយទៀតហើយ»។
រោងចក្រខាងលើនេះនឹងផលិតរថយន្តអគ្គិសនីប្រភេទដឹកទំនិញដែលមានឈ្មោះថា BrightDrop Zevo 600។ GM បានកំណត់គោលដៅផលិតរថយន្តប្រភេទនេះឱ្យបាន 50,000 គ្រឿងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ 2025។ ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់ អាល្លឺម៉ង់ DHL Express គឺជាអតិថិជននៅ កាណាដា ដំបូងដែលបានបញ្ជាទិញរថយន្តដឹកទំនិញ BrightDrop៕