Ashraf Ali ទៅដល់កីឡដ្ឋាន 974 រយៈពេល 6 ម៉ោង មុនពេលបាល់ចាប់ផ្ដើមរមៀលក្នុងការប្រកួតរវាង អាហ្សង់ទីន និង ប៉ូឡូញ កាលពីយប់ថ្ងៃទី 30 វិច្ឆិកា ប៉ុន្តែ អស់សង្ឃឹម ដោយសារតែមិនអាចទិញបានសំបុត្រចូលទស្សនា ហើយក៏បានលើកបដាសរសេរដោយដៃថា «ខ្ញុំត្រូវការសំបុត្រ»។
មនុស្សម្នាក់ ក្រោយមកក៏បានចូលមកក្បែរ និងស្នើលក់សំបុត្រមួយសន្លឹកឱ្យ Ali ក្នុងតម្លៃ 2,000 ដុល្លារអាម៉េរិក ខ្ពស់ជាង 9 ដង ធៀបនឹងតម្លៃដើម។ តម្លៃនេះខ្ពស់ខ្លាំងណាស់សម្រាប់អ្នកគាំទ្រវ័យ 30 ឆ្នាំ មកពី អេហ្ស៊ីប ដើម្បីបំពេញក្ដីស្រមៃក្នុងការទស្សនាការប្រកួតរបស់ Lionel Messi ដោយផ្ទាល់។
30 នាទីមុនការប្រកួតចាប់ផ្ដើម Ali ទិញបានសំបុត្រមួយក្នុងតម្លៃ 500 ដុល្លារអាម៉េរិក ដើម្បីចូលទៅកាន់កីឡដ្ឋាន ហើយក៏បានទស្សនា ក្រុមអាហ្សង់ទីន ឈ្នះ ប៉ូឡូញ 2-0។
នៅពេល World Cup 2022 ឈានចូលដល់វគ្គជម្រុះផ្ទាល់ដែលប្រកបដោយភាពតានតឹង អ្នកគាំទ្រក៏ប្រមូលផ្ដុំគ្នាកាន់តែច្រើននៅខាងក្រៅកីឡដ្ឋាននានានៅ ដូហា ប្រទេសកាតា ដើម្បីតថ្លៃសំបុត្រជាមួយក្រុមអ្នកជួញដូរសំបុត្រ។ តម្លៃសំបុត្រសម្រាប់ទស្សនាការប្រកួតវគ្គសំខាន់ៗអាចត្រូវបានដំឡើងខ្ពស់ជាងធម្មតា 10 ដង។
ក្រុមឈ្មួញសំបុត្រហាក់មិនខ្លាចក្រែងចំពោះសមត្ថកិច្ចដែលដើរល្បាត ក៏ដូចជាកាមេរ៉ាសុវត្ថិភាព និងច្បាប់ហាមលក់សំបុត្រក្នុងទីផ្សារងងឹតនៅ កាតា។ «ទីផ្សារងងឹតកំពុងតែមានរូបរាង» ឈ្មួញសំបុត្រម្នាក់មកពី ប្រទេសបារាំង និយាយដូច្នេះ ហើយថា ការងារនេះជួយឱ្យគាត់រកបានប្រាក់ដើម្បីមើលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
បុរសខាងលើដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា គាត់លក់សំបុត្រនេះទៅវិញក្នុងតម្លៃខ្ពស់ជាងធម្មតា 1,000% សម្រាប់ «អ្នកគាំទ្រដែលខ្លាំងក្លាបំផុត» នៅក្នុងការប្រកួតដែលមានកំពូលតារាបាល់ទាត់ដូចជា Messi ឬ Ronaldo ជាដើម។
World Cup 2022 បាន និងកំពុងទាក់ទាញឈ្មួញសំបុត្រជំនាញមកពីជុំវិញពិភពលោក។ អ្នកគាំទ្រប្រហែល 20 នាក់បានបង្ហើបប្រាប់ Reuters ថា ពួកបានទិញ ឬបានព្យាយាមទិញសំបុត្រនៅក្នុងផ្សារងងឹតតាមរយៈបណ្ដាញសង្គម ឬខាងក្រៅកីឡដ្ឋាន។
កាលពីសប្ដាហ៍កន្លង គណៈកម្មការ World Cup បានអំពាវនាវដល់ក្រុមអ្នកគាំទ្រថា អ្នកដែលមិនមានសំបុត្រ កុំមកកាន់កីឡដ្ឋាន បន្ទាប់ពីមានករណីហ្វូងមនុស្សព្យាយាមចូលទៅខាងក្នុងដោយការ «ជែក» នៅក្នុងការប្រកួតមួយចំនួន។
ចំណែកអ្នកការទូតម្នាក់មកពី អាម៉េរិកឡាទីន បាននិយាយថា អាជ្ញាធរនៅ កាតា មិនបានចាត់ការឱ្យបានតឹងរឹងចំពោះសកម្មភាពលក់សំបុត្រក្នុងផ្សារងងឹត ហើយករណីភាគច្រើនត្រូវបានដាក់ទោសត្រឹមតែការពិន័យជាប្រាក់។ ស្ថានទូតបរទេសនានានៅ កាតា មិនទាន់បានទទួលដំណឹងណាមួយស្ដីពីការបណ្ដេញជនល្មើសចេញពីប្រទេសដោយសារទង្វើជួញដូរសំបុត្រនេះនៅឡើយ៕