ការសិក្សានៅមហាវិទ្យាល័យ ជាជំហានថ្មីមួយឆ្ពោះទៅរកឧត្តមភាព និងភាពជាអ្នកដែលមានជំនាញច្បាស់លាស់មួយនៅថ្ងៃអនាគត។ សិស្សដែលទើបនឹងបានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យបានច្បាស់លាស់លើដំណើរឆ្ពោះទៅកាន់ភាពជោគជ័យតាមរយៈការសម្រេចចិត្តត្រូវ ជ្រើសរើសត្រូវ និងសិក្សាត្រូវ។
ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងពិព័រណ៍សាកលវិទ្យាល័យឆ្នាំ 2017 ថា ការសិក្សានៅថ្នាក់មហាវិទ្យាល័យត្រូវការឱ្យនិស្សិតមានគំនិតច្បាស់លាស់មានឯកសារយោង និងការសិក្សាស្រាវជ្រាវជាក់លាក់លើអ្វីដែលខ្លួនបានសរសេរ ឬបានសម្រេចឱ្យខ្លាំងឡើង។
ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា៖ «យុវជនកកម្ពុជាដែលត្រៀមខ្លួនចូលមហាវិទ្យាល័យ ត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សដែលចេះគិតពិចារណា ពិចារណាលើការរិះគន់ រិះគន់លើការពិចារណា និងរិះគន់លើការរិះគន់»។
ឯកឧត្តម បានលើកឡើងផងដែរថា ការដែលសិស្សនិស្សិតចូលដល់ថ្នាក់មហាវិទ្យាល័យ គុណភាពរបស់ពួកគេនឹងកាន់តែកើនឡើងខ្លាំង តែមុននឹងសម្រេចចិត្តជ្រើសរើសជំនាញណាមួយ សិស្សក៏គួរតែសិក្សា និងពិចារណាឱ្យបានច្បាស់ផងដែរពីចំណង់ចំណូលចិត្ត ឧបនិស្ស័យ និងទេពកោសល្យពីកំណើតរបស់ខ្លួន ដើម្បីធានាថា យើងអាចសិក្សាលើជំនាញដែលត្រឹមត្រូវ។
ការជ្រើសរើសជំនាញ ទាមទារឱ្យមានការប្រឹក្សា ការយកចិត្តទុកដាក់ និងការផ្តោតសំខាន់លើភាពជាក់ស្តែងនៃអាជីពការងារដែលនឹងធ្វើនៅថ្ងៃអនាគត ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដែលមានតម្លៃសម្រាប់សង្គម និងចូលរួមចំណែកយ៉ាងសកម្មជាពលរដ្ឋល្អនៅគ្រប់វិស័យក្នុងសង្គម៕